ព័ត៌មានជាតិ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅលោក ជីងចក់ មកបំភ្លឺបន្ទាប់ពីបង្ហោះវីដេអូប្រមា.ថ និងញុះញ៉ង់ឱ្យមានការរើសអើង លើកងកម្លាំងប្រដាប់អាវុធ

BY
Khmernote Media
July 31, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល ដោយមានបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ ជឿន ចក់ ហៅជីងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “Choeun Chork” មកបំភ្លឺនៅនាយកដ្ឋាន ពាក់ព័ន្ធករណីប្រមាថ និងញុះញ៉ង់អោយមានការរើសអើង ធ្វើអោយមហាជន ដែលប្រើប្រាស់បណ្ដាញសង្គម មានការស្អប់ខ្ពើម យល់ច្រលំ មកលើកងកម្លាំងប្រដាប់អាវុធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។


ចំពោះមុខសមត្ថកិច្ចឈ្មោះ ជឿន ចក់ ហៅជីងចក់ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន នៅពេលផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបាននិយាយលើសលួសប៉ះពាល់ដល់ស្ថាប័នកងកម្លាំង ជាពិសេសគឺអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានលុបនូវវីដេអូ ក្រោយការផ្សាយចប់រយៈពេល ២ម៉ោងក្រោយ ប៉ុន្ដែមានទំព័រហ្វេសប៊ុកមួយចំនួនបានទាញយក វីដេអូនេះទៅកាត់យកចំនុចដែលខ្លួនបាននិយាយប្រមាថដោយអចេតនាទាំងនោះទៅផ្សាយបន្ដ និងមានការចែករំលែកជាច្រើនទៀត។

ដោយឃើញមានការផ្ទុះនូវព័ត៌មាននេះតាមបណ្តាញទំនាក់ទំនងសង្គមខ្លាំង ទើបបុគ្គលឈ្មោះ ជឿន ចក់ ក៏បានចេញវីដេអូសុំទោសដល់ស្ថាប័នកងកម្លាំង ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រោយពីទទួលបានការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ ជឿន ចក់ ហៅជីងចក់ បានសន្យាចំពោះមុខសមត្ថកិច្ចថានឹងមិននិយាយអ្វីអោយប៉ះពាល់ដល់ស្ថាប័នកងកម្លាំងនាពេលក្រោយទៀតហើយ និងបានយល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ សុំទោសដល់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាពិសេស សុំទោសចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។

សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាពរបស់បុគ្គលខាងលើ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យា។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់អ្នកនិយមប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះការបញ្ចេញមតិណាមួយដែលប៉ះពាល់ដល់ស្ថាប័ននានា ជៀសវាងមានបញ្ហា ដែលអាចប្រឈមនឹងផ្លូវច្បាប់ជាធរមាន ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Share This Post: