ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នឹងមានការប្រគំតន្ត្រី និងបាញ់កាំជ្រួចនៅទន្លេ៤មុខចំនួន២លើក នាថ្ងៃបើកការដ្ឋាន«ព្រែកជីកហ្វូណនតេជោ»

BY
Khmernote Media
August 1, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ដើម្បីឱ្យពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ដំណើរការ ទៅដោយរលូន មានភាពគគ្រឹកគគ្រេង ធានាបានទាំងសន្តិសុខ សុវត្ថិភាព នៅរាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងមានពិធីទូងស្គរ ប្រគំតន្ត្រី ហើយនឹងមានអ្នកចូលរួមជាង ១ម៉ឺននាក់ រួមទាំងបាញ់កាំជ្រួចនៅទន្លេ៤មុខ ចំនួន២លើក នៅថ្ងៃបើកការដ្ឋាន«ព្រែកជីកហ្វូណនតេជោ»។

ឯកឧត្ដម ឃួង ស្រេង អភិបាល អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដមបើកកិច្ចប្រជុំ ជាមួយកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោ នឹងបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ស្ថិតក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះនៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះ ឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោង ព្រែកជីកហ្វូណន-តេជោនេះ នៅតាមអង្គភាពរបស់ខ្លួនឱ្យបានសមស្រប ទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ ឱ្យមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គរបែបនេះផងដែរ ហើយនៅ កោះពេជ្រ យើងមានការរៀបចំការប្រគំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជានិងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រួច ចំនួន២លើក នៅម៉ោង៧៖២០នាទី១លើក និងនៅម៉ោង៩៖០៩នាទីមួយលើកទៀត។ ឯកឧត្ដម ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ ក្នុងពិធី នេះឱ្យបានល្អ ដោយចាប់ផ្តើមពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីពេលនេះតទៅ។ បន្ថែមពីនេះ ការរៀបចំអនាម័យ បរិស្ថានក៏ត្រូវធ្វើឡើងអោយបានស្អាតព្រមៗគ្នាដែរ។

ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញក្រុមអ្នកព័ត៌មានចុះផ្តិតយករូបភាព នៃសកម្មភាពទូងស្គរ អបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោនាថ្ងៃទី០៥សីហា តាមទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅសាលារាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយឱ្យ បានទូលំទូលាយ និងផុសផុលព្រោះវាជាថ្ងៃប្រវត្តិសាស្ត្រលើកទី១របស់កម្ពុជា។

សូមបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រ លើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោនេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: