ព័ត៌មានជាតិ

និយ័តករទូរគមនាគមន៍កម្ពុជា អំពាវនាវដល់អ្នកប្រើប្រាស់ សេវាទូរស័ព្ទចល័តទាំងអស់រាយការណ៍មកលេខទូរស័ព្ទ ៦៧៨៩ ក្នុងករណីលេខទូរស័ព្ទខ្លួន ត្រូវក្រុមហ៊ុនកាត់ផ្ដាច់ដំណើរការ ដែលខុសពីច្បាប់កំណត់

BY
Khmernote Media
August 1, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ និយ័តករទូរគមនាគមន៍កម្ពុជា បានអំពាវនាវដល់អ្នកប្រើប្រាស់ សេវាទូរស័ព្ទចល័តទាំងអស់រាយការណ៍មកលេខទូរស័ព្ទ ៦៧៨៩ ក្នុងករណីលេខទូរស័ព្ទខ្លួន ត្រូវក្រុមហ៊ុនកាត់ផ្ដាច់ដំណើរការ ដែលខុសពីច្បាប់កំណត់។

និយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា ក្នុងពេលថ្មីៗនេះ ន.ទ.ក. បានរកឃើញភាពមិនប្រក្រតីនិងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនពាក់ព័ន្ធនឹង ១) ការកាត់ផ្តាច់ ដំណើរការលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ដែលកំពុងនៅមានសុពលភាពប្រើប្រាស់ ហើយដាក់លក់លេខ ទូរស័ព្ទទាំងនោះជាថ្មី និង ២) ការកាត់ទឹកប្រាក់ពីគណនីរបស់អតិថិជនខុសពីតារាងតម្លៃនិងលក្ខខណ្ឌនៃសេវារ៉ូមីង ដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។

ដើម្បីជម្រុញការប្រកួតប្រជែងស្របច្បាប់និងស្មោះត្រង់ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ន.ទ.ក. សូមអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍មក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh ក្នុងករណីដូចខាងក្រោម៖

-លេខទូរស័ព្ទចល័តរបស់ខ្លួនត្រូវបានកាត់ផ្តាច់ដំណើរការ ឬត្រូវបានដាក់លក់ជាថ្មី ដោយមិនបាន គោរពតាមរយៈពេលបន្ទាប់ពីផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនី ដូចមានកំណត់ក្នុងសេចក្តីណែនាំ លេខ៨០២១ ន.ទ.ក. ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

-ទឹកប្រាក់ក្នុងគណនី នៃលេខទូរស័ព្ទចល័តត្រូវបានកាត់ ខុសពីតារាងតម្លៃនិងលក្ខខណ្ឌនៃសេវា ដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។

-ការភ្ជាប់គម្រោង ឬកញ្ចប់សេវាទូរស័ព្ទចល័ត ឬសេវាតម្លៃបន្ថែមណាមួយ ដែលធ្វើឱ្យមានការកាត់ ទឹកប្រាក់ ដោយមិនមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។

-ការមិនទទួលបានដំណោះស្រាយសមស្របណាមួយ ពីប្រតិបត្តិករទូរស័ព្ទចល័តលើបណ្ដឹងតវ៉ារបស់ អ្នកប្រើប្រាស់។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕

ប្រភព៖ និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia

Share This Post: