ព័ត៌មានជាតិ

នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ក្រោយធ្វើសកម្មភាពហិ_ង្សាតាមដងផ្លូវយ៉ាង​អនាធិបតេយ្យ​ ពេលរាត្រី

BY
Khmernote Media
August 1, 2024

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនក្មេងទំនើង៦នាក់ យកមកសួរនាំក្រោយពីពួកគេ បានធ្វើសកម្មភាព វាយកាប់ចាក់គ្នាតាមដងផ្លូវ ទីសាធារណៈ។

ក្មេងទំនើងនោះមានឈ្មោះ ដូចខាងក្រោម៖
១.ឈ្មោះ ហួត ចាន់ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល (អ្នករក្សាដាវទុកសម្រាប់ប្រហារ) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន ។
២.ឈ្មោះស៊ិន ប៊ុនថេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល (ជាបក្ខពួក) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន។
៣.ឈ្មោះ ជា សារិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា(បក្ខពួក) លទ្ធផលស្វែងរកសាធាតុញៀនអវិជ្ជមាន ជាអ្នកកាប់ម៉ូតូរបស់ជនរងគ្រោះនៅមុខមុី ហិន កាលពីយប់ថ្ងៃទី២៥/០៧/២០២៤ បណ្តាលអោយខូចខាតម៉ូតូចំនួនមួយគ្រឿងនឹងធ្លាប់ធ្វើសម្មភាពកាប់ចំនួន៣ដងមកនៅដីថ្មី។
៤.ឈ្មោះ សល់ សាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល លទ្ធផលធ្វើតេស្តស្វែងរកសារធាតុញៀនវិជ្ជមាន(+) (បក្ខពួក) ។
៥.ឈ្មោះ ដុះ ដាវីត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត លទ្ធផលស្វែងរកសារធាតុញៀនវិជ្ជមាន (+) (បក្ខពួក)។
៦.ឈ្មោះ យ៉ាត់ ឆៃយ៉េន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសុខសាន សង្កាត់និមិត្ត (បក្ខពួក) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន។

យោងតាមការសួរនាំរបស់នគរបាល ក្មេងទំនើង បានបញ្ជាក់ថា៖ ពួកខ្លួនបាននាំគ្នាដើរលេងនៅម្ដុំចុងស្រល់មានគ្នាបួននាក់ ម៉ូតូពីរគ្រឿង លុះប្រហែលម៉ោង០០ និង៥នាទី ពួកខ្លួនបាននាំគ្នាត្រឡប់មកផ្ទះនៅភូមិផ្សារកណ្ដាលវិញ ពេលនោះខ្លួនជិះម៉ូតូមួយគ្រឿងមានគ្នាបីនាក់។ រូបខ្លួនអង្គុយកណ្ដាលហើយកាន់កាំបិតខ្វែវមួយដើម និងគ្នារបស់ខ្លួនម្នាក់ទៀតដែលមិនស្គាល់ឈ្មោះកាន់កាំបិតខ្វែវមួយដើមដែរ លុះពេលដែលពួកខ្លួនជិះម៉ូតូដល់ចំណុចស្តង់តែងួនភូមិគីឡូលេខ៤ បានជួបនឹងជនរងគ្រោះមានគ្នាបួននាក់ស្រីជិះម៉ូតូ ២គ្រឿងនៅពីខាងមុខ ស្រាប់តែគ្នាខ្ញុំអ្នកអង្គុយពីក្រោយបានស្រែកថាកាប់វាទៅពេលនោះពួកក្រុមជនរងគ្រោះបានឃើញពួកខ្ញុំមានកាំបិតក៏នាំគ្នាជិះម៉ូតូរត់ទៅ។ ភ្លាមនោះដែរពួកខ្ញុំក៏បានដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុមុខមីហឹរ ពួកខ្ញុំបានដេញទាន់បានកាប់ទៅលើម៉ូតូជនរងគ្រោះប្រហែល ៥កាំបិត និងពួកគ្នាខ្ញុំក៏បានកាប់ដែរ តែមិនដឹងថាកាប់បានប៉ុន្មានកាំបិតនោះទេ រីឯជនរងគ្រោះក៏បានរត់គេចខ្លួនបាត់ទៅ។ សូមបញ្ជាក់៖ ឈ្មោះ ជា សារិន ពីមុនធ្លាប់កាប់គេ ៣ករណី នៅចំណុចដីថ្មី។

បច្ចុប្បន្នក្មេងទំនើងទាំង ៦នាក់ ត្រូវដែលបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសួរនាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police

Share This Post: