ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពិសោធន៍បរិស្ថានទឹក ធ្វើការសិក្សា និងអភិវឌ្ឍន៍ឧបករណ៍ស្ទាក់សំណល់រឹង ដែលមានពពុះខ្យល់ ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ

    BY Khmernote Media August 1, 2024
    មន្ទីរពិសោធន៍បរិស្ថានទឹក ធ្វើការសិក្សា និងអភិវឌ្ឍន៍ឧបករណ៍ស្ទាក់សំណល់រឹង ដែលមានពពុះខ្យល់ ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា មន្ទីរពិសោធន៍បរិស្ថានទឹក នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានធ្វើការសិក្សា និងអភិវឌ្ឍន៍ឧបករណ៍ស្ទាក់សំណល់រឹង ដែលមានពពុះខ្យល់ ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីដាក់នៅតាមប្រឡាយទឹកកខ្វក់ដែលហូរចូលសមុទ្រ។

    ការសិក្សានេះបានផ្តោតលើ៖ (១) ការស្រាវជ្រាវអំពីបរិមាណម៉ាក្រូ និងមីក្រូប្លាស្ទិកនៅក្នុងប្រឡាយទឹកកខ្វក់, (២) ការសាកល្បង និងតេស្តនៅក្នុងមន្ទីរពិសោធន៍ និង (៣) ការធ្វើតេស្តជាក់ស្តែងនៅក្នុងប្រឡាយទឹកកខ្វក់ នៅខេត្តព្រះសីហនុ។

    តាមការបញ្ជាក់ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ថា ប្លាស្ទិកបានក្លាយ ជាចំណែក មួយនៃការរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់គ្នា ហើយការប្រើប្រាស់នៅតែបន្តកើនឡើង។ សំណល់ប្លាស្ទិកបានក្លាយជាបញ្ហាប្រឈមមួយ ហើយវាបានបំបែក ខ្លួនជាបំណែកតូចៗ (មីក្រូប្លាស្ទិក) ដែលអាចមានផលប៉ះពាល់ខ្លាំង ទៅដល់សុខភាពរបស់យើង។ នេះគឺជាមូលហេតុចម្បងដែលនាំឱ្យមន្ទីរពិសោធន៍បរិស្ថានទឹក នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ធ្វើការសិក្សា និងអភិវឌ្ឍន៍ឧបករណ៍ ស្ទាក់សំណល់រឹង ដែលមានពពុះខ្យល់ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីដាក់នៅតាមប្រឡាយទឹកកខ្វក់ ដែលហូរចូលសមុទ្រ ដោយសង្ឃឹមថាការសិក្សាស្រាវជ្រាវនេះអាចជាដំណោះស្រាយមួយដែលមានសក្តានុភាព ក្នុងការកាត់បន្ថយសំណល់រឹងពីក្នុងទឹកឱ្យមានប្រសិទ្ធភាព៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: