ព័ត៌មានជាតិ

មន្រ្តីបសុពេទ្យខេត្តតាកែវ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលចិញ្ចឹមគោ ក្របី សូមនាំមកចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្ដាមដោយឥតគិតថ្លៃ

BY
Khmernote Media
August 2, 2024

ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា រដូវវស្សាចូលមកដល់ មន្រ្តីជំនាញបសុពេទ្យខេត្តតាកែវ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករដែលមានចិញ្ចឹមគោឬក្រី សូមនាំសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺសារទឹកនិងជំងឺអុតក្តាម ដែលមន្រ្តីជំនាញបសុព្យាបាលបានធ្វើការចុះចាក់ទៅគ្រប់ឃុំ សង្កាត់នៅទាំងខេត្តតាកែវ។

ថ្លែងនៅក្នុងឱកាសចុះចាក់ថ្នាំបង្ការជំងឺសារទឹក និងជំងឺអុតក្ដាមលើគោ បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំរាមអណ្ដើក ស្រុកគីរីវង់ នៅថ្ងៃសុក្រទី០២ ខែសីហា ឆ្នាំ២០២៤នេះ លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នេសាទខេត្តតាកែវ បានថ្លែងថា មន្រ្តីជំនាញបសុព្យាបាលបានចាប់ផ្ដើមយុទ្ធនាការចុះចាក់វ៉ាក់សាំងគោក្របីរបស់បងប្អូនប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ ដោយចាប់ផ្ដើមពីឃុំរាមអណ្ដើក ស្រុកគីវីវង់មុនគេ ដោយមានឯកឧត្តមអភិបាលខេត្តតាកែវបានចូលរួមជាកិត្តិយស។ យុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹកនិងជំងឺអុតក្ដាមនេះគឺធ្វើយ៉ាងណាចាក់គោ ក្របី អោយបានចំនួន៩០ភាគរយ នៃគោក្របីរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តតាកែវដែលមានចំនួនប្រមាណ២៧ម៉ឺនក្បាល។

លោក ថៃ លី បានមានប្រសាសន៍បន្តថា កាលពីឆ្នាំកន្លងទៅមានករណីជំងឺអុតក្ដាមឬសារទឹកកើតលើគោ ក្របី របស់បងប្អូនប្រជាកសិករយើង ដូច្នោះដើម្បីការពារជំងឺនេះកុំអោយឆ្លងបន្តទៀតដល់គោក្របី សូមបងប្អូនប្រជាកសិករដែលមានចិញ្ចឹមគោ ក្របី សូមនាំមកចាក់វ៉ាក់សាំងការពារជំងឺសារទឹកនិងជំងឺអុតក្ដាម ដោយឥតគិតថ្លៃ។

ថ្លែងនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមគោ ក្របី សូមនាំគោក្របីមកចាក់ការពារជំងឺសារទឹកនិងជំងឺអុតក្ដាម ដែលមន្រ្តីជំនាញបសុពេទ្យបានរៀបចំចាក់ជូនដោយឥតគិតថ្លៃ ហើយរដូវនេះជារដូវវស្សានិងមានទឹកឡើង ដូច្នោះសូមបងប្អូនប្រជាកសិករនាំគោក្របីរបស់ខ្លួនទៅកន្លែងទីទូលមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ដល់គោក្របីដែលយើងចិញ្ចឹម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: