នគរបាលខណ្ឌ៧មករា ចុះពិនិត្យតាមបន្ទប់ថ្នាក់រៀនវិទ្យាល័យបាក់ទូក រកឃើញសិស្សស្រីចំនួន ៥នាក់ ជក់បារីអេឡិចត្រូនិច ត្រូវបានហៅមកធ្វើកិច្ចសន្យា អប់រំ
- August 2, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានសហការជាមួយនាយកវិទ្យាល័យ បាក់ ទូក ដឹកនាំដោយលោកអនុសេនីយ៍ឯក ហែម សុផល នាយរងប៉ុស្តិ៍ បានចុះរដ្ឋបាលត្រួតពិនិត្យតាមបន្ទប់ថ្នាក់រៀនវិទ្យាល័យបាក់ទូក ហើយបានឃើញមានសិស្សជក់បារីអេឡិចត្រូនិច បង្កឱ្យប៉ះពាល់ដល់សុខភាព។

ជាលទ្ធផលសមត្ថកិច្ចបានដកហូតបារីអេឡិចត្រូនិចចំនួន០២ដើម និងសិស្សស្រីចំនួន ០៥នាក់ ដោយសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពជក់បារីអេឡិចត្រូនិច។ បន្ទាប់មក សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលសិស្សទាំងនោះ មកទទួលយកពួកគេទៅផ្ទះអប់រំបន្តផងដែរ៕


ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ
- Share This Post:






