ត្រៀមៗ! រដ្ឋបាលខេត្តកំពត នឹងរៀបចំការប្រគំតន្ត្រីរយៈពេល ៤ថ្ងៃ រួមទាំងអុចកាំជ្រួច ដើម្បីអបអរសាទរការបើកការដ្នានសាងសង់«ព្រែកជីកហ្វូណនតេជោ»
ខេត្តកំពត៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្ដីពី ការរៀបចំការប្រគំតន្ត្រី អុចកាំជ្រួច ចូលរួមអបអរសាទរ ការបើកការដ្នានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

រដ្ឋបាលខេត្តកំពត សូមជម្រាបជូនថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែលបាន គាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម សេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនត្រង់ទៅសមុទ្រ ប្រើពេលវេលាខ្លី និងថ្លៃដឹកជញ្ជូនទាប។
ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តកំពត នឹងរៀបចំ៖
១-ការប្រគុំតន្ត្រី រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី០២ ខែសីហា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណមាត់ព្រែកកំពង់បាយ ក្រុងកំពត ខេត្តកំពត (បរិវេណរូបសំណាកអង្គឌួង)។
២-អុចកាំជ្រួចនៅរាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៩៖០០នាទី នៅបរិវេណមាត់ព្រែក កំពង់បាយ(មុខសាលាខេត្តកំពត) និងមានការរាំលេងកម្សាន្ត នៅបរិវេណរូបសេះសមុទ្របាញ់ទឹក ក្រុងកំពត ខេត្តកំពត។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមវាយជួង ទូងស្គរ ទះប៉ោត និង គោះត្រដោកជាដើម តាមគ្រប់គេហដ្ឋាន និងទីកន្លែងសាធារណៈនានាក្នុងខេត្ត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩៖០៩នាទីព្រឹក ដើម្បីអបអរសាទរក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រនេះ។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមទស្សនាការប្រគំតន្ត្រី រាំកម្សាន្តឱ្យបានច្រើន កុះករក្នុងស្មារតីគាំទ្រ “គម្រោងរបស់ខ្មែរ និងបម្រើផលប្រយោជន៍ខ្មែរ និងចលនាជាតិដ៏ខ្លាំងក្លា រួមសាមគ្គី មនសិការជាតិខ្មែរដ៏រឹងមាំក្រោមម្លប់នៃសន្តិភាព ៕




ប្រភព៖ រដ្ឋបាលខេត្តកំពត