ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ប្រោសប្រទានព្រះរាជអំណោយដល់សិល្បករ សិល្បការិនី និងសិប្បករចំនួន ៥០៥នាក់ ដែលមានជីវភាពខ្វះខាតក្រីក្រ និងចាស់ជរា

    BY Khmernote Media August 2, 2024
    ព្រះមហាក្សត្រ ប្រោសប្រទានព្រះរាជអំណោយដល់សិល្បករ សិល្បការិនី និងសិប្បករចំនួន ៥០៥នាក់ ដែលមានជីវភាពខ្វះខាតក្រីក្រ និងចាស់ជរា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងប្រោសប្រទានព្រះរាជអំណោយជូនព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ សិល្បករ និងសិប្បករ សរុបចំនួន ៥០៥នាក់ ដែលមានជីវភាពខ្វះខាតក្រីក្រ និងចាស់ជរា។

    លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លា និងការយកព្រះទ័យទុកដាក់ចំពោះសិល្បៈវប្បធម៌ ជាពិសេសពីជីវភាពសិល្បករ សិល្បការិនី និងសិប្បករ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម របស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាការលើកទឹកចិត្ត និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់សិល្បករ សិល្បការិនី ក៏ដូចជាមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការបន្តជំរុញការថែរក្សាការពារ និងបណ្តុះបណ្តាលសិល្បៈវប្បធម៌ដល់យុវជនជំនាន់ក្រោយ។

    ព្រះរាជពិធីប្រោសប្រទានព្រះរាជអំណោយដល់សិល្បករ សិល្បការិនី និងសិប្បករ រៀបចំធ្វើឡើងនៅកោះនរា ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បករខ្មែរ និងក្រុមហ៊ុនវីរៈប៊ុនថាំ៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    Share This Post: