អាចាស់មិនទៅ អាថ្មីមិនមក! ខឹងប្តីមិនទិញឡានថ្មីអោយ ប្រពន្ធចាក់សាំងដុតឡានចាស់ចោលតែម្តង
ម៉ាឡេស៊ី៖ ស្រ្តីចិត្តខ្លាំងម្នាក់បានសម្រេចដុតរថយន្តចាស់របស់ខ្លួនចោលដោយគ្មានស្តាយស្រណោះទាល់តែសោះ ព្រោះតែខឹងនឹងប្តីមិនព្រមទិញរថយន្តថ្មីតាមការកំណត់។ ជំលោះផ្ទៃក្នុងគ្រួសារនេះបានកើតឡើងក្នុងតំបន់ Hulu Selangor នៃប្រទេសម៉ាឡេស៊ី តែអត្តសញ្ញាណរបស់ប្តីប្រពន្ធទាំងពីរនាក់នេះមិនត្រូវបានគេបង្ហាញនោះទេ។
បើយោងតាមសារព័ត៌មានតាមបណ្តាញអ៊ីនធឺណិតរបស់ម៉ាឡេស៊ីបានចុះផ្សាយថា មុនពេលកើតហេតុបុរសជាប្តីបានសន្យាជាមួយនឹងប្រពន្ធថា គាត់នឹងទិញរថយន្តថ្មីមួយគ្រឿងឲ្យប្រពន្ធនៅក្នុងថ្ងៃបុណ្យសិទ្ធនារី ដែលទើបកន្លងផុតទៅនេះ។ យ៉ាងណាក្តី ទិវាសិទ្ធនារីបានកន្លងផុតទៅជាច្រើនថ្ងៃហើយ ស្ត្រីជាប្រពន្ធនៅតែមិនទាន់ទទួលបានរថយន្តថ្មីទៀត ដោយខឹងនឹងការរង់ចាំនេះ ទើបស្ត្រីជាប្រពន្ធសម្រេចដុតរថយន្តចាស់ចោលតែម្តង ដែលរថយន្តចាស់នោះជារថយន្តប្រភេទ Perodua Kancil តម្លៃប្រមាណជាង ១ ពាន់ដុល្លារ។
រថយន្តនោះត្រូវភ្លើងឆេះទាំងស្រុងតែម្តង ហើយមកទល់នឹងពេលនេះនាងនៅមិនទាន់ទទួលបានរថយន្តថ្មីទៀត ហើយក៏គ្មានអាជ្ញាធរណាចាត់វិធានការអ្វីដែរ ព្រោះវាជាករណីបុគ្គលដែលគ្មានប៉ះពាល់ដល់អ្នកណាម្នាក់នោះទេ៕


ភក្តី
ប្រភព៖ thecoverage