ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល៦ថ្ងៃ៖ រថយន្ត១៣៥គ្រឿង នៃ៦៥៣គ្រឿង នឹងដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយមិនបង់ប្រាក់មកកាន់ខេត្តសៀមរាប

    BY Liny Chan September 30, 2024
    រយៈពេល៦ថ្ងៃ៖ រថយន្ត១៣៥គ្រឿង នៃ៦៥៣គ្រឿង នឹងដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយមិនបង់ប្រាក់មកកាន់ខេត្តសៀមរាប

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រថយន្តក្រុងរដ្ឋបាលរាជធានីភ្នំពេញជិះដោយមិនបង់ប្រាក់ចំនួនជាង ៤០គ្រឿង នៃចំនួន១៣៥គ្រឿង បានធ្វើដំណើរទៅដល់ចំណតក្នុងបរិវេណមណ្ឌលមន្ទីររដ្ឋបាលខេត្តសៀមរាប ដែលរៀបចំដោយអាជ្ញាធរខេត្តជាបន្តបន្ទាប់កាលពីម៉ោង ១រសៀលថ្ងៃអាទិត្យទី២៩ ខែកញ្ញាឆ្នាំ២០២៤ ដោយនាំទៅជាមួយនូវបងប្អូនកម្មករ និយោជិតនិងប្រជាពលរដ្ឋរាប់​រយនាក់ដែលធ្វើទៅស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារសាច់ញាតិ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ ពិសេសថ្ងៃភ្ជុំធំដែល​នឹងមក​ដល់នៅ ថ្ងៃពុធទី២ ខែតុលាសប្ដាហ៍នេះ។ សកម្មភាពរថយន្តក្រុង​ដឹកជញ្ជូន​ប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតបានចាប់ផ្តើមព្រមៗគ្នានៅ ថ្ងៃទី២៩ខែកញ្ញា នេះដែរ។

    តាមការរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញរថយន្តក្រុងជិះដោយមិនបង់ប្រាក់រថយន្តក្រុងចំនួន ១៣៥គ្រឿងនៃចំនួន ៦៣៥គ្រឿងនឹងទទួលភារៈដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ខេត្តសៀមរាបក្នុងរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ខែ តុលា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤ ក្នុងចំណោមការដឹកជញ្ជូនទៅកាន់ខេត្តនានាទូទាំងប្រទេសរាប់ទាំងខេត្តភាគឦសាន ផង។

    តាមរយៈរូបភាពនិងខ្លឹមសារ ដែលបង្ហាញដោយមន្ទីរព័ត៌មានខេត្តសៀមរាបឱ្យឃើញថា ប្រជាពលរដ្ឋដែលបានធ្វើដំណើរពី រាជធានីភ្នំពេញ​មកកាន់​ខេត្តសៀមរាបដោយរថយន្តក្រុងរបស់រាជរដ្ឋាភិបាល មានសុវត្ថិភាពជាពិសេសបានកាត់បន្ថយចំណាយ យ៉ាងច្រើន ខណៈសេវាដឹកជញ្ជូនឯកជន​មាន​តម្លៃថ្លៃ។ ការឡើងជិះរថយន្តមានភាពងាយពុំមានតម្រូវបំពេញ​បែបបទ អ្វីទាំងអស់ គ្រាន់តែប្រាប់អ្នករៀបចំថាយើងចង់ទៅខេត្តណា។

    បន្ថែមលើសេវាដឹកជញ្ជូននេះទៀតសោត អ្នកបើកបរមានភាពរួសរាយ​រាក់ទាក់។ រថយន្តមានម៉ាស៊ីនត្រជាក់ ប្រកបដោយផាសុខភាពនិងមាន​ភេសជ្ជៈចែកជូនថែមទៀតផង។

    តាមការបញ្ជាក់ពីអ្នកបើកបររថយន្តក្រុងរថយន្តបញ្ជាក់ថា ការចេញ​ដំណើរ​ពីរាជធានីទៅតាមបណ្ដាខេត្តនានា នៅថ្ងៃបិណ្ឌទី១២ ថ្ងៃទី២៩ ខែកញ្ញាមានចំនួនច្រើន។ ដោយឡែកថ្ងៃដំបូងនេះមានការចេញដំណើរពី​ភ្នំពេញមកសៀមរាប រហូតដល់ទៅជាង ៤០គ្រឿង ដើម្បីបំពេញតម្រូវការ​បងប្អូនជាពលរដ្ឋយើងមកលេងស្រុកកំណើតជាពិសេសការមកកម្សាន្ត នៅខេត្តសៀមរាប។ ក្នុងសកម្មភាពដឹកជញ្ជូននេះដែរអ្នកបើកបររដ្ឋបាលក្រុងបានធ្វើការណែនាំរួចជាស្រេចមុននឹងចេញដំណើរ ត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយមិនត្រូវមាន​សេពគ្រឿងស្រវឹង និងត្រូវសម្រាកឱ្យបានគ្រប់គ្រាន់។

    ជាមួយគ្នានេះក្រសួងពាក់ព័ន្ធ អាជ្ញាធរ បានអំពាវនាវដល់​បងប្អូនដែល​បាន​​ធ្វើដំណើរលើដងផ្លូវទាំងអស់សូមមានការ យោគយល់ និងអធ្យា​ស្រ័យ​គ្នាពេលធ្វើសំណើរ ដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។

    សូមជម្រាបថា តាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជានៅព្រឹក ថ្ងៃទី១៦ ខែកញ្ញារដ្ឋបាលរាជ ធានីភ្នំពេញបាន​រៀបចំរថយន្តក្រុងចំនួន៦៥៣គ្រឿងសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត តាមបណ្ដាខេត្តនានាដោយ​ឥតគិតថ្លៃ។ បន្ទាប់មកនៅថ្ងៃទី២៧ ខែកញ្ញាក្នុងកិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន​ណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញកែសម្រួលកាលបរិច្ឆេទនៃការដឹកជញ្ជូនបងប្អូន កម្មករនិយោជិតនិងប្រជាពលរដ្ឋក្នុងការធ្វើដំណើរ​ទៅលេង​ស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ។ជាពិសេសទៅកម្សាន្ត​នៅតាម​បណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ០៦ថ្ងៃដោយចាប់ផ្តើមចេញ ដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា “ជិះមិនបង់ប្រាក់” ដោយប្រើប្រាស់​រថយន្តក្រុងចំនួន៦៥៣គ្រឿងសម្រាប់ បម្រើសេវាដឹកជញ្ជូនសាធារណៈ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: