សម្ដេចធិបតី សម្រេចកែសម្រួលផ្ទេរកិច្ចការបញ្ជូនកងកម្លាំងថែររក្សាសន្តិភាព អ.ស.ប. “កងទ័ពមួកខៀវកម្ពុជា” ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យក្រសួងការពារជាតិធ្វើជាប្រធានវិញ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ បានសម្រេចកែសម្រួលផ្ទេរកិច្ចការបញ្ជូនកងកម្លាំងថែររក្សាសន្តិភាព អ.ស.ប. “កងទ័ពមួកខៀវកម្ពុជា” ពីក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យក្រសួងការពារជាតិ ធ្វើជាប្រធានវិញ។

ការកែសម្រួលខាងលើនេះ ត្រូវបានលើនៅក្នុងឱកាសអញ្ជើញជាអធិបតី “ពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០” ។
សម្ដេចធិបតី បានមានប្រសាសន៍ថា៖ «កាលពីល្ងាចមិញ ខ្ញុំបានសម្រេចក្រោយពីពិភាក្សាជាមួយឯកឧត្តម ទៀ សីហា ឯកឧត្តម សុខ ចិន្តាសោភា ដើម្បីកែសម្រួលគណៈកម្មាធិការជាតិ កិច្ចការបញ្ជូនកងកម្លាំងចូលរួម បេសកកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដែលពីមុនដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការបរទេស ហើយមានរដ្ឋលេខាធិការ និងក្រសួងការពារជាតិ ឥលូវបេសកកម្មនេះភាគច្រើន គឺពាក់ព័ន្ធទៅនឹងការការពារជាតិ ទៅនឹងកងកម្លាំងកងទ័ព អ៉ីចឹងបានសម្រេចឱ្យកែសម្រួល ដោយជូនទៅឯកឧត្តមឧបរដ្ឋមន្រ្តី រដ្ឋមន្រ្តី ការពារជាតិ ធ្វើជាប្រធានវិញ ដើម្បីឱ្យមូលតែម្ដងនៅក្រោមការសម្របសម្រួល និងដឹកនាំកម្លាំង PKO នៅក្រោមក្រសួងការពារជាតិតែម្ដង។ ហើយក្រសួងការបរទេស ចាត់រដ្ឋលេខាធិការមួយរូប ដើម្បីជាអនុ ដើម្បីធ្វើការសម្របសម្រួល ព្រោះកិច្ចការងារនេះ ដើរតួនាទីសំខាន់ ពិតណាស់យើងមានការទំនាក់ទំនងការទូត សម្របសម្រួលជាមួយអង្គការសហ ស្ថាប័នអន្តរជាតិ ប៉ុន្តែតួនាទីធំជាស្នូលនៅតែកងទ័ព អ៉ីចឹងគឺសមហេតុផល »៕


អត្ថបទ៖ លីនី