និស្ស័យច្បាស់ណាស់ ! កើតក្នុងមន្ទីរពេទ្យតែមួយថ្ងៃតែមួយ ចៃដន្យចូលរៀនសាកលវិទ្យាល័យដូចគ្នាទៀត ពេលនេះស្រាប់តែក្លាយជាប្តីប្រពន្ធគ្នា
ប្រទេសចិន ៖ លើលោកនេះរឿងអ្វីក៏អាចកើតមានដែរ រឿងរ៉ាវខ្លះមានមានភាពចៃដន្យពេករហូតរកតែយើងជឿមិនបានតែយ៉ាងណាវាបានកើតឡើងទៅហើយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលស្វាមីភរិយាមួយគូមាននិស្ស័យនឹងគ្នាដល់ថ្នាក់កើតក្នុងថ្ងៃខែតែមួយ ហើយក្នុងមន្ទីពេទ្យតែមួយទៀត មិនត្រឹមប៉ុណ្ណឹងថែមទាំងរៀននៅសាលាជាមួយគ្នាទៀតផង។ Su Jingjie និង Guo Yuting ដែលជាគូស្វាមីភរិយាដែលទើបរៀបការថ្មីនៅក្នុងទីក្រុង Chengdu ខេត្ត Sichuan និស្ស័យប្តីប្រពន្ធគេនេះប្រហែលត្រូវកំណត់អោយតាំងពីថ្ងៃពួកគេកើតមកម្លេះ។

លោក Su និងភរិយាបានកើតនៅក្នុងថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ១៩៩០ ជាមួយគ្នានឹងភរិយារបស់ខ្លួន អ្វីដែលរិតតែពិសេសទៀតនោះគឺគាត់កើតក្នុងមន្ទីរពេទ្យពេទ្យប្រជាជនក្រុង Jiangyou ហើយវាក៏ជាមន្ទីរពេទ្យដែលប្រពន្ធលោកបានកើតដែរ។ យោងទៅតាមកាសែត China Daily បានអោយដឹងថា Guo Yuting នាងបានកើតមុនស្វាមីរបស់ខ្លួនប៉ុន្មានម៉ោង។ Guo និង Su បានទៅសាលាមតេយ្យនិងវិទ្យាល័យដូចគ្នាទៀត តែក្រោយមកពួកគេក៏បានបែកពីគ្នា ដោយសារតែ Su បានផ្លាស់ប្តូរទៅរស់នៅទីក្រុងផ្សេង។ វាដូចជាព្រេងនិស្ស័យរបស់ពួកគេទាំងពីរអញ្ចឹង ក្រោយពីបែកគ្នាហើយពួកគេបែរជាត្រលប់មកជួបគ្នាជាថ្មីនៅក្នុងថ្នាក់មហាវិទ្យាល័យ។ ពួកគេទាំងពីរនាក់បានប្រឡងចូលសាកលវិទ្យាល័យដូចគ្នាមួយនៅក្នុងទីក្រុង Chengdu ខេត្ត Sichuan នៅឆ្នាំ ២០០៨ វាពិតជាធ្វើអោយគេទាំងពីរភ្ញាក់ផ្អើលខ្លាំងណាស់នឹងភាពចៃដន្យមួយនេះ។ ពួកគេបានស្រលាញ់គ្នាអស់រយៈពេលក្រោយពេលបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។ ពួកគេបានសម្រេចចិត្តរៀបការជាមួយគ្នានៅកាលពីថ្ងៃទី១០ ខែមីនានេះ ហើយគេបានយករូបថតរបស់ពួកគេកាលពីជាង២៨ឆ្នាំមុនមកដាក់តាំងក្នុងថ្ងៃបង្គលការទៀតផង៕

ប្រភព ៖ nextshark