ព័ត៌មានជាតិ

ផ្ទៃដីដាំដុះស្វាយចន្ទីទូទាំងប្រទេសកម្ពុជាមានប្រមាណ ៥៨ម៉ឺនហិកតាជាប់លេខ៣ និងគ្រាប់ស្វាយចន្ទីកម្ពុជាមានរសជាតិឆ្ងាញ់លើសគេ

BY
Liny Chan
October 26, 2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បើយើងប្រៀបធៀបប្រទេសដែលមានស្វាយចន្ទីច្រើនជាងគេគឺប្រទេសកូឌីវ័រ ដែលមានផ្ទៃដីដាំដុះជាង១លានហិកតា លេខ២ឥណ្ឌា និងកម្ពុជាស្ថិតនៅលើលំដាប់លេខ៣ ប៉ុន្តែបើនិយាយពីរសជាតិគ្រាប់ និងពិសេសសម្រស់ គឺគ្រាប់ស្វាយចន្ទីរបស់យើងល្អលើសគេ ឬអាចនិយាយបានថាល្អឯកលើសគេតែម្តង។

ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងបន្ថែមទៀតថា ដើម្បីក្លាយជាប្រទេសអធិរាជស្វាយចន្ទីយើងអាចប្រើរយៈពេល៥ឆ្នាំទៀត ហើយបើតាមរយៈលក្ខណៈពិសេសរបស់ស្វាយចន្ទីកម្ពុជានេះយើងនឹងអាចជោគជ័យនាថ្ងៃខាងមុខ។ បើក្រឡេកមើលសន្ទុះនៃការដាំ និងការវិនិយោគនៃការដាំស្វាយចន្ទីឃើញថាខ្លាំងក្លា និងបើពុំមានអ្វីប្រែប្រួលទេរយៈពេល២ទៅ៣ឆ្នាំខាងមុខទៀតយើងនឹងអាចសម្រេចបាននូវគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលក្នុងនេះនឹងធ្វើការកែច្នៃគ្រាប់ចន្ទីឱ្យបាន២០ភាគរយ និងបច្ចុប្បន្នយើងមានការច្នៃក្នុងស្រុកតែជាង១០ភាគរយបន្តិចបន្តួច។សម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជាមានការនាំចេញទៅកាន់ប្រទេសជិតខាងមានសើម មានឆៅ និងស្ងួត។ ក្រៅពីនេះក៏មាននាំទៅកាន់ប្រទេសចិន និងឥណ្ឌាក៏មានទិញពីកម្ពុជាដែរបើទោះបីឥណ្ឌាមានគ្រាប់ស្វាយចន្ទីជាប់លំដាប់ទី២ក៏ដោយ។

ទាក់ទិនក្នុងរឿងនេះ លោក អូន ស៊ីឡុត ប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជាបានបញ្ជាក់ឱ្យដឹងដែរថា មកដល់ពេលនេះគ្រាប់ស្វាយចន្ទីដែល បានចុះបញ្ជីការពារពូជនៅក្រសួងកសិកម្មមានចំនួន ៤ ប្រភេទដូចជា M-23,ពូជ M-10 ពូជ IM-4 និងពូជ H-09 ដោយបានគូសបញ្ជាក់ថា ”ស្វាយចន្ទីគេដាំលើដីដែលខ្សោះជីជាតិ ដូច្នេះកសិករភាគច្រើនមិនមានការផ្លាស់ប្តូររបរកសិកម្មនេះកើតឡើងពីព្រោះថាដីទាំងនេះមិនអាចដាំអ្វីបានក្រៅពីស្វាយចន្ទីទេ។ សម្រាប់ដំណាំស្វាយចន្ទីនៅកម្ពុជាប្រមាណ៧០ភាគរយហើយដាំក្នុងលក្ខណៈទ្រង់ទ្រាយតូចពោលគឺកសិករដាំជាលក្ខណៈគ្រួសារ និងមានតែប្រមាណ៣០ភាគរយប៉ុណ្ណោះដាំជាលក្ខណៈដីសម្បទានរបស់រាជរដ្ឋាភិបាល”។

គួរបញ្ជាក់ថា បើតាមក្រសួងកសិកម្ម បានឱ្យដឹងកន្លងមកថា រយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅជាង ៨៣ម៉ឺនតោន ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា៖ប្រទេសកម្ពុជាមានដីដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទី ប្រមាណជា ១.២៨លានហិកតាហើយមានប្រភេទពួជដែលផ្តល់ទិន្នផលខ្ពស់ និង មានទំហំគ្រាប់ធំ (23) សមស្របតាមតម្រូវការទីផ្សារអន្តរជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងឱ្យដឹងដែរថា ”តាមលទ្ធផលនៃការសិក្សាវាយតម្លៃបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០ ១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ ការសិក្សាផលិតផែនទីនេះត្រូវបានធ្វើឡើងក្នុងកម្រិតខេត្ត ហើយសង្កេត ឃើញថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេគឺប្រមាណ ១៤៧៧០០ ហិកតា បន្ទាប់មកមានខេត្តក្រចេះ ប្រមាណជា ១០២ ៥០០ ហិកតា និងខេត្តរតនគិរីប្រមាណជា៩៧ ២០០ ហិកតា។ តាមតួលេខនេះបង្ហាញថា ផ្ទៃដី ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣បើធៀបនឹងប្រទេសដាំដុះដំណាំស្វាយចន្ទីនៅលើពិភពលោក។

បើយោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ ៨៣៧ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ៦៥៦០០ តោន។ ដោយឡែកឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ៦៧ម៉ឺនតោន ដែលមានតម្លៃ ១,០៧៧ ពាន់លានដុល្លារ ដោយទីផ្សារសំខាន់ៗមានប្រទេសវៀតណាម ជប៉ុន និងចិន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: