ខ្មែរណូត

ស្វែងរក

  • PR

    សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្លែងអំណរគុណអ្នកឧកញ៉ា លាង ម៉េង ចំពោះការនាំមុខបរិច្ចាគថវិកា ២០០លានរៀល ជួយក្លឹបខ្វះខាតទូទាំងប្រទេសកម្ពុជា

    BY Naren October 28, 2024
    សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្លែងអំណរគុណអ្នកឧកញ៉ា លាង ម៉េង ចំពោះការនាំមុខបរិច្ចាគថវិកា ២០០លានរៀល ជួយក្លឹបខ្វះខាតទូទាំងប្រទេសកម្ពុជា

    ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញនូវសេចក្តីរីករាយជាពន់ពេក ដោយបានថ្លែងអំណរគុណទៅកាន់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានធ្វើការបរិច្ចាគថវិកាដល់ទៅ ២០០លានរៀល ដល់មូលនិធិគុនខ្មែរ ក្នុងការជួយកីឡាករ និងក្លឹបដែលកំពុងខ្វះខាតទូទាំងប្រទេសកម្ពុជា។

    តាមរយៈការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ មានខ្លឹមសារយ៉ាងដូច្នេះថា៖ “ក្នុងនាមគណៈកម្មការប្រតិបត្តិ មន្ត្រីបច្ចេកទេស និងកីឡាករ កីឡាការិនីនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ដែលបានបរិច្ចាគថវិកា ២០០លានរៀល ដល់មូលនិធិគុនខ្មែរ”។

    គួរឲ្យដឹងថា ការនាំមុខជួយឧបត្ថម្ភជ្រោមជ្រែងនូវថវិកាច្រើនសន្ធឹកដល់មូលនិធិគុនខ្មែរបែបនេះ គឺកើតឡើយក្រោយ អ្នកឧកញ៉ា លាងម៉េង ដឹងដំណឹងថាក្លឹបប្រដាល់គុនខ្មែរនៅតាមបណ្តាខេត្តផ្សេងៗ កំពុងជួបប្រទះកង្វះខាតនូវរោងក្លឹបហ្វឹកហាត់ ក៏ដូចជាកង្វះខាតឧបករណ៍សម្ភារៈកីឡាមួយចំនួន។ នេះបើតាមការឲ្យដឹងពី អ្នកឧកញ៉ា លាង ម៉េង ។

    អ្នកឧកញ៉ាបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំកំពូលមួយរូបរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកនឹងធ្វើជាចលករ ធ្វើជាអ្នកផ្សព្វផ្សាយ ដើម្បីឲ្យក្រុមហ៊ុនផ្សេងៗទៀត បានចូលរួមជួយនៅតាមបណ្តាខេត្តផ្សេងៗដែលកំពុងខ្វះខាត។ ខ្ញុំបានជួយឧបត្ថម្ភចំនួន ២០០លានរៀល ដើម្បីឲ្យក្លឹបកំពុងខ្វះខាត ទាំងនោះ ធ្វើយ៉ាងណាបណ្តុះបណ្តាថ្នាលយុវជនគុនខ្មែរ ឲ្យកាន់តែសម្បូរធនធាន ដើម្បីអាចឲ្យកីឡាករយើងឡើងទៅប្រកួតកាន់តែខ្លាំងក្លាថែមទៀត។

    សូមជម្រាបជូនថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដំបូងគេដែលចំណាយថវិកាខ្ទង់លានដុល្លារ បង្កើតសង្វៀនប្រដាល់គុនខ្មែរច្រើនជាងគេ, ឧបត្ថម្ភទាំងស្រុងបញ្ជូនកីឡាករច្រើនរូបទៅប្រកួតលើសង្វៀនអន្តរជាតិ និងរៀបចំមហាព្រឹតិ្តការណ៍ប្រដាល់គុនខ្មែរទេសចរណ៍ រួមជាមួយមហាព្រឹតិ្តការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្សពាសពេញប្រទេសកម្ពុជាច្រើនជាងគេប្រចាំឆ្នាំ៕

    Share This Post: