ខេត្តមួយរបស់ប៉ាគីស្ថានសម្រេចផ្អាកសកម្មភាពអាជីវកម្ម និងហាមឃាត់ការធ្វើសកម្មភាពក្រៅផ្ទះមួយចំនួនជាបណ្តោះអាសន្ន ដោយសារបញ្ហាខ្យល់កខ្វក់
- BY
- Pheakdey
- November 12, 2024
ប៉ាគីស្ថាន៖ អាជ្ញាធរខេត្ត Punjab នៃប្រទេសប៉ាគីស្ថានបានសម្រេចហាមឃាត់មិនឱ្យពលរដ្ឋធ្វើសកម្មភាពនៅក្រៅផ្ទះដែលមិនសូវចាំបាច់មួយចំនួន ដើម្បីរក្សាសុវត្ថិភាពពួកគេពីបញ្ហាខ្យល់កខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា។ សកម្មភាពដែលត្រូវបានហាមឃាត់ជាបណ្តោះអាសន្ននោះរួមមាន ការលេងកីឡា ការរៀបចំកម្មពិធីតាំងពិព័រណ៍ ឬពិធីបុណ្យបែបកម្សាន្តផ្សេងៗជាដើម។

ជាងនេះទៅទៀតអាជ្ញាធរក៏បានសម្រេចបិទហាង ផ្សារទំនើប និងសួនសាធារណៈជាច្រើនកន្លែងផងដែរ ខណៈវិធានការរឹតបន្តឹងទាំងអស់នេះនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ សូមបញ្ជាក់ជូនថា កម្រិតខ្យល់កខ្វក់នៅក្នុងខេត្ត Punjab នៅពេលនេះគឺត្រូវបានគេដាក់ពិន្ទុរហូតដល់ជាង ៦០០ ខណៈពិន្ទុដែលជាប់ជាកម្រិតខ្យល់ល្អនោះគឺមានពិន្ទុចម្លោះត្រឹមតែពី ០ ដល់៥០ តែប៉ុណ្ណោះ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុននេះ អាជ្ញាធរខេត្ត Punjab បានសម្រេចបិទសាលារៀននៅទូទាំងខេត្តរួចម្តងហើយ ក្រោមហេតុផលការពារសុវត្ថិភាពក្មេងៗសិស្សសាលាពីបញ្ហាដូចគ្នានេះ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






