កូរ៉េខាងជើង ផ្តល់សច្ចាប័នលើសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយរុស្ស៊ី
- BY
- Pheakdey
- November 12, 2024
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការការពារជាតិជាមួយប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា។ ការសម្រេចផ្តល់សច្ចាប័នលើសន្ធិសញ្ញាការពារជាតិនេះត្រូវបានគេមើលឃើញថា បានកើតឡើងស្របពេលដែលកូរ៉េខាងជើងកំពុងរងនូវការចោទប្រកាន់ថាបានបញ្ជូនកងទ័ពជាច្រើននៅជួយរុស្សីនៅក្នុងការប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។

សូមបញ្ជាក់ជូនថា តាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការការពារជាតិនេះបានធ្វើឱ្យប្រទេសកូរ៉េខាងជើងនិងប្រទេសរុស្ស៊ីក្លាយជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលអាចផ្តល់អាវុធឱ្យគ្នាទៅវិញទៅមក ផ្តល់កងកម្លាំងជួយគ្នា ឬផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមកបានដោយស្របច្បាប់ ក្នុងករណីដែលប្រទេសណាមួយក្នុងចំណោមប្រទេសទាំង ២នេះ បានរងនូវការវាយប្រហារពីសំណាក់ប្រទេសទី៣ ណាមួយ។ បើទោះជាការផ្តល់សច្ចាប័ននេះបានផ្តល់ផលវិជ្ជមានសម្រាប់ប្រទេសកូរ៉េខាងជើង និងប្រទេសរុស្ស៊ីក៏ពិតមែន តែសម្រាប់អ្នកឃ្លាំមើលស្ថានភាពសង្គ្រាមនៅលើពិភពលោកវិញបានបង្ហាញការព្រួយបារម្ភថា ទំនាក់ទំនងយ៉ាងស្អិតរមួតរវាងលោក គីម ជុងអ៊ុន និងលោក ពូទីន នៅពេលនេះនឹងធ្វើឱ្យសង្គ្រាមនៅសមរភូមិអ៊ុយក្រែនកាន់ធ្ងន់ធ្ងរឡើង ដ្បិតវាជាសង្គ្រាមរវាងប្រទេសរុស្ស៊ីសហការជាមួយកូរ៉េខាងជើងដើម្បីប្រឆាំងជាមួយប្រទេសអ៊ុយក្រែន៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






