អន្តរជាតិ

ពលរដ្ឋនៅអាមេរិកម្នាក់បានបាត់បង់ជីវិតនិងជិត ៤០នាក់បានធ្លាក់ខ្លួនឈឺ ក្រោយទទួលទានការ៉ុតសរីរាង្គដែលមានផ្ទុកមេរោគ E. coli

BY
Pheakdey
November 18, 2024

អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតបង្កឡើងដោយបញ្ហាជាប់ទាក់ទងនឹងការទទួលទានការ៉ុតសរីរាង្គនៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ក៏នៅមានមនុស្សចំនួន ៣៩នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺផងដែរ ព្រោះតែបញ្ហាដូចគ្នានេះ។

បើយោងតាមនិយតករសហព័ន្ធអាមេរិកបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនិងអ្នកដែលបានធ្លាក់ខ្លួនឈឺទាំងអស់នោះគឺសុទ្ធតែបានកើតមានអាការរាគធ្ងន់ធ្ងរ ឈឺពោះ អស់កម្លាំង ខ្សោះជាតិទឹកនៅក្នុងខ្លួន និងឡើងកម្តៅខ្ពស់លើសពី ៣៨,៨ អង្សាសេជាដើម។ ប្រភពខាងលើបានបន្តថា បញ្ហាសុខភាពទាំងនេះបានបង្កឡើងដោយមេរោគម្យ៉ាងមានឈ្មោះថា E. coli ដែលមាននៅក្នុងការ៉ុតសេរីរាង្គ ហើយជាទូទៅមេរោគប្រភេទនេះអាចបង្កឱ្យមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ នៅក្នុងរយៈពេល ៤ថ្ងៃក្រោយបានចូលទៅដល់ក្នុងរាយកាយរបស់មនុស្ស និងអាចបណ្តាលឱ្យជនររងគ្រោះត្រូវស្លាប់ក្នុងរយៈពេល ២-៣ថ្ងៃបន្ទាប់មកទៀត ប្រសិនបើពួកគេមិនបានទៅរកសេវាព្យាបាលឬទទួលទានថ្នាំឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញនោះទេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: