អន្តរជាតិ

អូស្រ្តាលីគ្រោងបង្កើតច្បាប់ហាមកុមារអាយុក្រោម ១៦ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម

BY
Pheakdey
November 21, 2024

អូស្រ្តាលី៖ អូស្រ្តាលីគ្រោងនឹងបង្កើតច្បាប់ហាមឃាត់កុមារអាយុក្រោម​ ១៦ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គមនានា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។ គិតត្រឹមពេលនេះគម្រោងបង្កើតច្បាប់ដ៏តឹងរឹងនេះកំពុងត្រូវបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់នៅក្នុងសភាអូស្រ្តាលី ខណៈគេនៅមិនទាន់បានដឹងអំពីពេលវេលាជាក់លាក់នៃការអនុម័តជាផ្លូវការនៅឡើយទេ។

ប្រភពខាងលើបានបន្តថា នៅក្នុងគម្រោងបង្កើតច្បាប់ខាងលើនេះ អាជ្ញាធរអូស្រ្តាលីក៏គ្រោងធ្វើការរឹតបន្តឹងទៅលើក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គមផងដែរ ពោលបើក្រុមហ៊ុនណានៅតែបន្តផ្តល់ភាពងាយស្រួលឬអនុញ្ញាតដល់កុមារអាយុក្រោម ១៦ឆ្នាំឱ្យបន្តប្រើប្រាស់បណ្តាញសង្គមរបស់ពួកគេ ឬមិនចូលរួមអនុវត្តតាមច្បាប់ថ្មីនេះទេ គឺក្រុមហ៊ុនទាំងនោះត្រូវប្រឈមនឹងការពិន័យជាប្រាក់ចំនួន ៤៩,៥លានដុល្លារអូស្រ្តាលី (៣២លានដុល្លារអាមេរិក)។ សូមបញ្ជាក់ជូនថា គោលបំណងនៃការអនុវត្តច្បាប់ខាងលើនេះគឺដើម្បីការពារកុមារពីឥទ្ធិពលអាក្រក់ ការបោកប្រាស់ និងការរំលោភបំពានក្នុងរូបផ្សេងៗ ដែលតែងកើតឡើងនៅលើបណ្តាញសង្គម៕

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

Share This Post: