តុលាការអាមេរិកសម្រេចចោទប្រកាន់មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ពីបទសូកប៉ាន់និងកន្លែងបន្លំឯកសារ
- BY
- Pheakdey
- November 21, 2024
អាមេរិក៖ តុលាការក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្រេចចោទប្រកាន់មហាសេដ្ឋីលំដាប់ពិភពលោកជនជាតិឥណ្ឌាម្នាក់គឺលោក Gautam Adani អំពីបទសូកប៉ាន់និងកន្លែងបន្លំក្នុងសំណុំរឿងដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។ តាមការរកឃើញរបស់អាជ្ញាធរអាមេរិក គឺលោកមហាសេដ្ឋី Gautam Adani បានយកប្រាក់ចំនួន ២៥០លានដុល្លារទៅសូកប៉ាន់មន្រ្តីរដ្ឋាភិបាលឥណ្ឌាជាថ្នូរនឹងការទទួលសិទ្ធផ្គត់ផ្គង់ថាមពលសូឡា ខណៈយោងតាមភាពជាក់ស្តែងគឺក្រុមហ៊ុនរបស់លោកមិនត្រូវទទួលបានសិទ្ធអនុញ្ញាតនេះទេ។

ប្រភពខាងលើបានបន្តថា តាមរយៈការសូកប៉ាន់នេះ ក្រុមហ៊ុនរបស់លោកមហាសេដ្ឋី Gautam Adani អាចនឹងប្រមូលបានប្រាក់ចំណូលមកវិញប្រមាណជាខ្ទង់ ២០លានដុល្លារនៅក្នុងរយៈពេល ២០ឆ្នាំទៅមុខទៀត។ ក្រៅពីបានរកឃើញករណីសូកប៉ាន់ខាងលើនេះហើយ តុលាការអាមេរិក៏បានរកឃើញផងដែរថា នាពេលកន្លងមកលោកមហាសេដ្ឋី Gautam Adani ធ្លាប់បានក្លែងបន្លំឯកសារ និងប្រឌិដ្ឋព័ត៌មានស្តីពីការវិនិយោគមួយចំនួនក្នុងគោលបំណងធ្វើឱ្យតម្លៃហ៊ុននៅក្នុងក្រុមហ៊ុនមួយចំនួនរបស់គាត់បានឡើងថ្លៃខ្ពស់ជាងភាពជាក់ស្តែង។ គួរបញ្ជាក់ជូនថា លោក Gautam Adani បច្ចុប្បន្នមានអាយុ ៦៩ឆ្នាំ មានទ្រព្យសម្បត្តិដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ៦៩,៨ ពាន់លានដុល្លារ ហើយបើយោងទៅតាមទស្សនាវត្តី Forbes គឺរូបលោកជាអ្នកមានបំផុតលំដាប់ទី ២២ នៅលើពិភពលោក និងជាអ្នកមានបំផុតលំដាប់ទី ២ នៅក្នុងប្រទេសឥណ្ឌាផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






