អន្តរជាតិ

ក្នុងគ្រោះមានលាភ! បុរសជនជាតិចិនម្នាក់ទទួលបានប្រាក់សំណងជិត ៥ម៉ឺនដុល្លារ ក្រោយត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ ព្រោះតែខឹងគាត់ដេកលក់លើតុការងារមួយម៉ោង

BY
Pheakdey
November 22, 2024

ចិន៖ បុរសជនជាតិចិនបានឈ្នះក្តីនៅតុលាការនិងទទួលបានប្រាក់សំណងជិត ៥ម៉ឺនដុល្លារជុំវិញករណីដែលក្រុមហ៊ុនបានបញ្ឈប់រូបគាត់ពីការងារព្រោះតែគាត់បានដេកលក់លើតុការងារអស់រយៈពេល ១ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃសុក្រ​ ទី២២ ខែវិច្ឆិកា។ ក្រុមហ៊ុនដែលជាកន្លែងកើតហេតុនេះគឺជាក្រុមហ៊ុនគីមីមួយកន្លែងស្ថិតនៅក្នុងក្រុង Taixing ខេត្ត Jiangsu ភាគខាងត្បូងនៃប្រទេសចិន។

បុរសជាដើមបណ្តឹងមានឈ្មោះថា Zhang ជាអតីតប្រធាននាយកដ្ឋាននៅក្នុងក្រុមហ៊ុនខាងលើ និងមានបទពិសោធន៍ធ្វើការងារជាមួយក្រុមអស់រយៈប្រមាណជា ២០ឆ្នាំមកហើយ។ ប្រភពខាងលើបានបន្តថា មុនពេលត្រូវបានក្រុមហ៊ុនសម្រេចបញ្ឈប់ រូបគាត់ពីការងារ គឺរូបគាត់បានដេកលក់នៅលើតុការងាររបស់គាត់អស់រយៈពេល ១ម៉ោង ហើយនៅក្នុងថ្ងៃនោះការងាររបស់គាត់ក៏ត្រូវយឺតនិងបានប៉ះពាល់ដល់លំហូរការងារមួយចំនួននៅក្នុងក្រុមហ៊ុនផងដែរ។ ប៉ុន្មានថ្ងៃបន្ទាប់មក លោក Zhang ក៏ទទួលបានលិខិតបញ្ឈប់ពីការងារ ដ្បិតថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបានខឹងនឹងគាត់ចំពោះចំណុចអសកម្មខាងលើនេះ។

យ៉ាងណាក្តី ក្រោយត្រូវបានបញ្ឈប់ពីការងារភ្លាម លោក Zhang ហាក់មិនពេញចិត្តនឹងការសម្រេចរបស់ក្រុមហ៊ុននោះទេ ដ្បិតកំហុសរបស់គាត់មិនមែនជាកំហុសធំដុំអ្វីឡើយ ខណៈដែលរូបគាត់ក៏បានរួមរស់និងតស៊ូជាមួយក្រុមហ៊ុនអស់រយៈពេល ២ ទសវត្សរ៍មកហើយដែរ។ នៅចំពោះមុខបញ្ហានេះ លោក Zhang សម្រេចដាក់ពាក្យប្តឹងទៅតុលារ ហើយក្រោយបើកការស៊ើបអង្កេតទៅលើបញ្ហាជាក់ស្តែងនិងពិនិត្យទៅលើបញ្ហាផ្លូវច្បាប់ តុលាការចិនកាលពីពេលថ្មីៗនេះបានសម្រេចបង្គាប់ឱ្យក្រុមហ៊ុនត្រូវផ្តល់ប្រាក់សំណងទៅកាន់លោក Zhang ចំនួន ៣៥០,០០០យ័ន ឬស្នើនឹងជាង ៤៨,០០០ ដុល្លារអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: