រដ្ឋាភិបាលឡាវ សម្តែងនូវការសោកស្តាយនិងចូលរួមរំលែកទុកយ៉ាងក្រៀមក្រំ ចំពោះករណីមានភ្ញៀវទេសចរអន្តរជាតិមួយចំនួនបាត់បង់ជីវិតដោយសារពុលស្រាក្នុងប្រទេសខ្លួន
- BY
- Pheakdey
- November 23, 2024
ឡាវ៖ រដ្ឋាភិបាលនៃប្រទេសឡាវបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមចែករំលែកទុកយ៉ាងក្រៀមក្រំចំពោះភ្ញៀវទេសចរអន្តរជាតិចំនួន ៦នាក់នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារពុលស្រាក្នុងអំឡុងពេលមកកម្សាន្តនៅក្នុងប្រទេសខ្លួន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកាបានបញ្ជាក់ថា សេចក្តីថ្លែងការរបស់រដ្ឋាភិបាលឡាវ ដែលមានខ្លឹមសារដូចខាងលើនេះត្រូវបានធ្វើឡើងតាមរយៈលិខិតផ្លូវការមួយច្បាប់ ចេញដោយក្រសួងការបរទេសឡាវ។

ទន្ទឹមគ្នានេះអាជ្ញាធរឡាវក៏បានប្រកាសថា នឹងបើកការស៊ើបអង្កេតជុំវិញករណីមិនប្រក្រតីនេះឱ្យបានស៊ីជម្រៅ ខណៈគិតត្រឹមពេលនេះអាជ្ញាធរឡាវបានសម្រេចឃាត់ខ្លួនពលរដ្ឋវៀតណាមម្នាក់ ជាម្ចាស់គ្រប់គ្រងសណ្ឋាគារ Nana Backpackers Hostel ដែលជាទីតាំងកើតមានករណីពុលស្រាស្លាប់នេះ ដើម្បីធ្វើការសាកសួរជុំវិញករណីសោកនាដកម្មដ៏កម្រនេះផងដែរ។ សូមបញ្ជាក់ជូនថា ភ្ញៀវទេសចរអន្តជាតិដែលបានស្លាប់បាត់បង់ជីវិតដោយសារពុលស្រានៅក្នុងប្រទេសឡាវទាំង ៦នាក់នោះរួមមាន ពលរដ្ឋអូស្រ្តាលីចំនួន ២នាក់ ដាណឺម៉ាកចំនួន ២នាក់ អង់គ្លេសម្នាក់ និងអាមេរិកម្នាក់ផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






