ស្ថាប័នរដ្ឋ និងក្រុមហ៊ុនមួយចំនួននៅឥណ្ឌា សម្រេចចេញច្បាប់ឱ្យបុគ្គលិកជាស្ត្រីឈប់សម្រាកពេលមករដូវ
- BY
- Pheakdey
- November 25, 2024
ឥណ្ឌា៖ ការឈឺចាប់ក្នុងអំឡុងពេលមករដូវ គឺជាបញ្ហាដ៏លំបាកមួយដែលស្រ្តីតែងតែជួបប្រទះជារៀងរាល់ខែ ខណៈនៅកន្លែងធ្វើការងារចំនួនបានមើលរំលង ឬមិនសូវយកចិត្តទុកដាក់អំពីបញ្ហាធម្មជាតិមួយនេះទេ។ ជាទូទៅអាការៈដែលកើតមានក្នុងអំឡុងពេលមករដូវមានដូចជា ឈឺក្បាល អស់កម្លាំង ឈឺចង្កេះ រមួលក្រពើ ទល់លាមក ប្រែប្រួលអារម្មណ៍ (ឆេវឆាវ ឆាប់ខឹង ថប់បារម្ភ បាក់ទឹកចិត្ត) និងឈឺពោះជាដើម ខណៈអ្នកខ្លះបានកើតមានអាការឈឺពោះខ្លាំងរហូតដល់ត្រូវលេបថ្នាក់បំបាត់ការឈឺចាប់និងត្រូវសម្រាកឱ្យបានច្រើនម៉ោងទៀតផង។

ដោយសារបានមើលឃើញពីបញ្ហាធម្មជាតិរបស់ស្រ្តីដូចបានជម្រាបជូនខាងលើនេះ ស្ថាប័នរដ្ឋនិងក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសឥណ្ឌាបានសម្រេចផ្តល់ជូនថ្ងៃឈប់សម្រាកពិសេសមួយសម្រាប់ក្រុមបុគ្គលិកជាស្រី ពោលគឺ “ថ្ងៃឈប់សម្រាកពេលមករដូវ” ដែលមានន័យថា ក្រុមបុគ្គលិកជាស្រ្តីទាំងអស់អាចមានសិទ្ធសូមច្បាប់ឈប់សម្រាកពីការងារនៅក្នុងអំឡុងពេលមករដូវប្រចាំខែ ដោយបន្តទទួលបានប្រាក់ខែជាធម្មតា។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ដែលបានចុះផ្សាយនៅក្នុងថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកានេះបានបញ្ជាក់ថា ការសម្រេចផ្តល់ជូនថ្ងៃឈប់សម្រាកពិសេសសម្រាប់ស្រ្តីនេះ មិនមែនជាច្បាប់ដែលកំណត់ដោយរដ្ឋាភិបាលនោះទេ តែវាគ្រាន់តែច្បាប់ពិសេសដាច់ដោយឡែកមួយ ដែលក្រុមហ៊ុនឯកជន និងស្ថាប័នមួយចំនួនសម្រេចបង្កើតនិងអនុវត្តដោយខ្លួនឯងតែប៉ុណ្ណោះ។
យ៉ាងណាក្តី គំនិតនៃការអនុវត្តច្បាប់ផ្តល់ថ្ងៃឈប់សម្រាកពិសេសនេះបានបន្តជះឥទ្ធិយ៉ាងខ្លាំងនៅក្នុងសង្គមឥណ្ឌាក្នុងរយៈពេលជាច្រើនចុងក្រោយនេះ ពោលគឺមានក្រុមហ៊ុននិងស្ថាប័នកាន់តែច្រើនឡើងៗបន្តនាំគ្នាអនុវត្ត បើគិតចាប់តាំងពីឆ្នាំ ២០២៣មក។ ចំពោះការអនុវត្តច្បាប់ជាក់ស្តែងវិញក៏មានលក្ខណៈខុសៗគ្នាទៅតាមការសម្រេចរបស់ក្រុមហ៊ុននិងស្ថាប័ននីមួយៗដែរ ដោយក្រុមហ៊ុនឬស្ថាប័នខ្លះបានសម្រេចផ្តល់ថ្ងៃឈប់សម្រាកនេះ ១ថ្ងៃ ក្នុង ១ខែ និងបន្តអនុវត្តរហូតដល់ ១២ខែក្នុងមួយឆ្នាំ ខណៈកន្លែងខ្លះវិញបានផ្តល់ថ្ងៃឈប់សម្រាកត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះក្នុង១ឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






