ម៉ាឡេស៊ីសម្រុកចាក់វ៉ាក់សាំងការពារជំងឺរលាកសួតជូនពលរដ្ឋខ្លួន ក្រោយជំងឺនេះក្លាយជាប្រភេទជំងឺដែលបណ្តាលឱ្យមានអ្នកបាត់បង់ជីវិតច្រើនបំផុត
- BY
- Pheakdey
- November 25, 2024
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីកំពុងសម្រុកចាក់វ៉ាក់សាំងការពារជំងឺរលាកសួតជូនពលរដ្ឋនៅក្នុងទូទាំងប្រទេស ក្រោយករណីស្លាប់បង្កឡើងដោយជំងឺមួយនេះបានបន្តកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកាបានបញ្ជាក់ថា កាលពីឆ្នាំ ២០២៣កន្លងទៅនេះ តួលេខអ្នកស្លាប់ដោយជំងឺរលាកសួតនៅទូទាំងប្រទេសម៉ាឡេស៊ីមានរហូតដល់ ១៨,១៨១ករណី ខណៈកាលពីឆ្នាំ ២០១៤កន្លងទៅករណីស្លាប់ដោយជំងឺនេះមានត្រឹមតែ ៩,២៥០ករណីប៉ុណ្ណោះ។

ប្រភពខាងលើបានបន្តថា ជាមួយនឹងតួលេខអ្នកស្លាប់ជាង ១,៨ម៉ឺននាក់កាលពីឆ្នាំ ២០២៣កន្លងទៅនេះ ជំងឺរលាកសួតបានក្លាយជាជំងឺដែលបានបណ្តាលឱ្យមានពលរដ្ឋម៉ាឡេស៊ីស្លាប់ច្រើនជាងគេបំផុតផងដែរ បើមិនរាប់បញ្ចូលជំងឺរាតត្បាតសកលកូវីដ-១៩ កាលពីឆ្នាំ ២០២១ នោះទេ។ សូមបញ្ជាក់ជូនថា ជំងឺរលាកសួតគឺជាជំងឺប្រព័ន្ធផ្លូវដង្ហើមម្យ៉ាង ដែលបង្កឱ្យមានអាការមួយចំនួនដូចជា៖
-ពិបាកដកដង្ហើម
-ក្អកខ្លាំង អាចជាក្អកមានកំហាកហើយកំហាកនោះអាចមានពណ៌បៃតងរឺលឿង
-គ្រុនក្តៅ
-អស់កម្លាំង
-តឹងទ្រូង។
ក្នុងករណីដែលលោកកើតមានអាការដូចបានជម្រាបជូនខាងលើនេះ ហើយមិនប្រញាប់ទៅព្យាបាលឱ្យបានទាន់ពេលវេលានោះទេ លោកអ្នកអាចបន្តធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតត្រូវស្លាប់បាត់បង់ជីវិតតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






