អាជ្ញាធរឡាវ សម្រេចឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ជនជាតិវៀតណាមម្នាក់ ជុំវិញករណីមានភ្ញៀវទេសចរអន្តរជាតិ ៦នាក់ត្រូវបាត់បង់ជីវិតដោយសារពុលស្រា
- BY
- Pheakdey
- November 25, 2024
ឡាវ៖ អាជ្ញាធរឡាវបានសម្រេចឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ម្នាក់ដើម្បីយកទៅសាកសួរក្នុងប្រតិបត្តិការស៊ើបអង្កេតករណីសោកនាដកម្មដ៏កម្រមួយ ដែលបណ្តាលឱ្យមានភ្ញៀវទេសចរអន្តរជាតិចំនួន ៦នាក់ត្រូវស្លាប់បាត់បង់ជីវិតដោយសារពុលស្រាកាលពីពេលថ្មីៗនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានបញ្ជាក់ថា បុរសជាម្ចាស់ផ្ទះសំណាក់រូបនោះមានឈ្មោះថា Duong Van Huan ជាជនជាតិវៀតណាម ដែលបានទៅរស់នៅក្នុងប្រទេសឡាវអស់រយៈពេល ១១ឆ្នាំមកហើយ ខណៈផ្ទះសំណាក់របស់គាត់នោះមានឈ្មោះថា Nana Backpackers hostel ។

មានទីតាំងស្ថិតនៅក្នុងទីក្រុង Vang Vieng នៃប្រទេសឡាវ ផ្ទះសំណាក់ Nana Backpackers hostel ដែលជាប្រភេទផ្ទះសំណាក់មានបន្ទប់តូចៗសម្រាប់ការស្នាក់ម្នាក់ឯង បានផ្តល់ជូននូវប្រម៉ូសិនយ៉ាងពិសេសមួយកាលពីពេលកន្លងទៅនេះ គឺភ្ញៀវដែលបានស្នាក់នៅក្នុងផ្ទះសំណាក់អាចមកទទួលយកស្រាប្រភេទ Vodka ដោយមិនគិតថ្លៃបាន។ ប្រភពខាងលើបានបន្តថា ស្រា Vodka ដែលជារបស់ផ្តល់ជូនដោយមិនគិតថ្លៃនោះត្រូវផ្តល់ជូនទៅកាន់ភ្ញៀវអន្តរជាតិប្រមាណជាជាង ១០០នាក់ ខណៈក្រោយទទួលទានស្រានេះរួច មានភ្ញៀវទេសចរចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិត និង ១២នាក់បានធ្លាក់ខ្លួនឈឺផងដែរ។ ជុំវិញការស្លាប់របស់ភ្ញៀវទេសចរអន្តជាតិទាំង ៦នាក់ខាងលើនេះ ក្រុមវេជ្ជបណ្ឌិតបានអះអាងថា គឺដោយសារពួកគេបានទទួលទានស្រាក្លែងក្លាយដែលមានផ្ទុកសារធាតុមេតាណុលច្រើនលើសកម្រិត ហើយសារធាតុមេតាណុលទាំងនោះបានបណ្តាលឱ្យខួរក្បាលរបស់ពួកគេត្រូវហើមរហូតត្រូវដាច់សរសៃឈាមស្លាប់តែម្តង ក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ៕
អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:






