ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងដែនដី បង្ហាញលទ្ធផលនៃការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ

    BY Liny Chan November 25, 2024
    ក្រសួងដែនដី បង្ហាញលទ្ធផលនៃការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារ​បន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងដែនដី​បានបញ្ជាក់ថា ចំពោះការកំណត់ និងគ្រប់គ្រង​តំបន់​ទន្លេសាប ក្រសួង​បានទទួលភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈកម្មការ​ចំពោះ​កិច្ច ធ្វើការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរដ្ឋ និងដីឯកជនរបស់​ប្រជាពលរដ្ឋ ដើម្បីថែរក្សាព្រៃលិចទឹកក៏ដូចជាបឹងទន្លេសាបទាំង​មូលឱ្យគង់វង្ស។

    របាយការណ៍ដែលបង្ហាញក្នុងសន្និបាតបញ្ជាក់ថា ជាលទ្ធផលមក​ទល់ពេលនេះ ការចុះបញ្ជីដីតំបន់ទន្លេសាបសម្រេចបានដូច​តទៅ៖

    ក. ដីតំបន់៣ ៖ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ ហាមប៉ះពាល់​ដាច់ខាត (ដីរដ្ឋ)បានចុះបញ្ជីដីតំបន់៣ជាដីរដ្ឋ រួចរាល់​ជាស្ថាពរសម្រាប់​ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ខ. ដីតំបន់២ ៖ ជាតំបន់វាល​ទំនាបលិចទឹកក្នុងរដូវវស្សា ដែលតំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិ​ប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋដែលបានបង្កបង្កើន​ផលជាលក្ខណៈគ្រួសារ (ដីរដ្ឋ) បានវាស់វែងដីដែលប្រជាពលរដ្ឋ​ប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់២ បានជាង ១៦ ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានប្រមាណ ២០ ម៉ឺនក្បាលដី ។គ. ដីតំបន់១ ៖ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ (កម្មសិទ្ធិឯកជន)បានវាស់វែងរួចចំនួន ៧៦ម៉ឺនក្បាលដី ស្មើនឹង ៨៨% នៃក្បាលដីប៉ាន់ស្មានប្រមាណ ៨៦ម៉ឺនក្បាលដី និងបានចេញបណ្ណ​រួចចំនួន ៥៨ម៉ឺនក្បាលដីជូនប្រជាពលរដ្ឋ។

    សម្រាប់ទិសដៅបន្ត ក្រុមការងារនៃក្រសួង ដ.ន.ស នឹងបន្តវាស់វែង​បញ្ចប់​ក្បាលដីក្នុងតំបន់ទន្លេសាប នៅឆ្នាំ ២០២៥ និងបន្តអនុវត្ត​នីតិវិធីចុះបញ្ជីនិងចេញបណ្ណទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ។

    សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: