លោក ដូណាល់ ត្រាំ សន្យាដំឡើងពន្ធនាំចូលពីប្រទេសចិន កាណាដា និងម៉ិចស៊ីកូ ខណៈពន្ធនាំរថយន្តចូលតាមច្រកព្រំដែន អាមេរិក-ម៉ិចស៊ីកូ អាចនឹងឡើងដល់ ២០០%
- BY
- Pheakdey
- November 26, 2024
អាមេរិក៖ លោក ដូណាល់ ត្រាំ បានសន្យាថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកក្នុងនាមជាប្រធានាធិបតីនឹងដំឡើងពន្ធនាំចូលពីប្រទេសធំៗចំនួន ៣ ក្នុងនោះរួមមាន ប្រទេសចិន កាណាដា និងម៉ិចស៊ីកូឱ្យខ្ពស់ជាពន្ធនាំចូល ដែលសហរដ្ឋអាមេរិកកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន។ លោក ដូ ណាល់ត្រាំ ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការនៅក្នុងថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ បានបញ្ជាក់ថា ពន្ធនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិចស៊ីកូនឹងត្រូវដំឡើងដល់ ២៥% នៃតម្លៃជាក់ស្តែងរបស់ផលិតដែលត្រូវនាំចូលនោះ។

ដោយឡែកសម្រាប់ពន្ធនាំចូលពីប្រទេសចិនវិញនឹងត្រូវដំឡើងពី ១០%-២០% បន្ថែមទៀតពីលើពន្ធនាំចូលនាពេលបច្ចុប្បន្ន ដែលត្រូវបានគេមើលឃើញថាជាអត្រាពន្ធដ៏ខ្ពស់ស្រាប់ទៅហើយនោះ ពោលគឺពន្ធនាំចូលទំនិញពីប្រទេសចិនអាចនឹងត្រូវឡើងរហូតដល់ ៦០% នៃតម្លៃផលិតផលជាក់ស្តែង។ ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានជាច្រើននៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ ក៏បានឱ្យដឹងផងដែរ រដ្ឋបាលរបស់លោកក៏មានគម្រោងដំឡើងពន្ធលើគ្រប់ប្រភេទរថយន្តដែលនាំចូលមកកាន់អាមេរិកតាមរយៈច្រកព្រំដែន អាមេរិក-ម៉ិចស៊ីកូ ឱ្យឡើងដល់ ២០០% នៃតម្លៃរថយន្តជាក់ស្តែងផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






