កូរ៉េខាងត្បូងកំពុងប្រឈមនឹងការធ្លាក់ព្រិលក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មាន ខណៈជើងហោះហើរជាង ២០០ជើងត្រូវបានពន្យាពេលជាបន្ទាន់
- BY
- Pheakdey
- November 28, 2024
កូរ៉េខាងត្បូង៖ ទីក្រុងសេអ៊ូ ដែលជារដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងបានប្រឈមនឹងបញ្ហាធ្លាក់ព្រិលយ៉ាងខ្លាំង ពោលគឺក្នុងកម្រិតដ៏ច្រើនមិនធ្លាប់មាននោះទេនៅក្នុងរយៈពេលជាងមួយសតវត្សចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី ២៧ ខែវិច្ឆិកា។ គួរកត់សម្គាល់ថា ព្រិលដែលបានធ្លាក់នៅប៉ែកខាងជើងទីក្រុងសេអ៊ូលកាលពីយប់កន្លងទៅនេះមានកម្ពស់រហូតដល់ ១៨សង់ទីម៉ែត្រ។

បើតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានបញ្ជាក់ថា ជាមួយនឹងកម្ពស់ ១៨សង់ទីម៉ែត្រនេះ វាគឺជាការធ្លាក់ព្រិលក្នុងកម្រិតខ្ពស់បំផុតបំបែកកំណត់ត្រាកាលពីឆ្នាំ ១៩០៧ កន្លងទៅ ពោលគឺបានកើតឡើងតាំងពីជាង ១០០ឆ្នាំមុន។ ប្រភពខាងលើនេះបានបន្តថា នៅចំពោះមុខការធ្លាក់ព្រិលក្នុងកម្រិតដ៏ខ្ពស់នេះ អាជ្ញាធរអាកាសចរណ៍កូរ៉េខាងត្បូងបានសម្រេចពន្យាពេលជើងហោះហើរជាង ២០០ជើង ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ ខណៈគិតត្រឹមពេលនេះពុំមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ផ្សេងៗដែលបានកើតឡើងចំពោះប្រជាពលរដ្ឋនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






