ម៉ាឡេស៊ីទាញសញ្ញាព្រមានពីគ្រោះថ្នាក់នៃទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយ ខណៈមនុស្សជាង ៦ម៉ឺននាក់បានធ្វើការជម្លៀសខ្លួនជាបន្ទាន់
- BY
- Pheakdey
- November 29, 2024
ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានទាញសញ្ញាព្រមានពីគ្រោះថ្នាក់បង្កឡើងដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈមួយទសវត្សចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា។ តំបន់ដែលកំពុងរងគ្រោះដោយបញ្ហាទឹកជំនន់នៅពេលនេះគឺ រដ្ឋ Kelantan ដែលស្ថិតនៅក្នុងតំបន់ Peninsular ភាគខាងជើង នៃប្រទេសម៉ាឡេស៊ី។
ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ទឹកជំនន់បានបង្ខំឱ្យពលរដ្ឋម៉ាឡេស៊ីចំនួន ៦៣,២១៩នាក់ហើយ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ននិងស្ថិតនៅក្រោមការជួយទំនុកបម្រុងពីសំណាក់អាជ្ញាធរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថាមានមានជនរងគ្រោះធ្ងន់ធ្ងររហូតត្រូវស្លាប់បាត់បង់ជីវិតនោះទេ។ សូមរម្លឹកជូនថា កាលពីឆ្នាំ ២០១៤ កន្លងទៅ ពោលគឺកាលពី ១០មុន ម៉ាឡេស៊ីធ្លាប់ជួបប្រទះនឹងបញ្ហាទឹកជំនន់ធ្ងន់ធ្ងរម្តងដែរ ដោយពេលនោះមានមនុស្សរហូតដល់ជាង ២០០,០០០នាក់ ដែលបានធ្វើការជម្លៀសខ្លួនទាំងបង្ខំ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: