ព័ត៌មានជាតិ

សម្ដេចធិបតី ប្រកាសសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញបន្ទាប់ពីឆេះ និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត

BY
Liny Chan
November 29, 2024

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា សង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ បន្ទាប់ពីឆេះ និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ក្រោយសាងសង់ឡើងវិញ។

សម្ដេចបវរធិបតី បានមានប្រសាសន៍ថា៖ «ផ្សារបឹងឈូកវិនិយោគ ៣០ឆ្នាំ​ តាំងពីឆ្នាំ ៩២ មក បើតាមរបាយការណ៍ ហើយកុងត្រាក្រោយដល់ ២០៤៧ ឥឡូវដោយសារស្ថានភាពឆេះ ខាងផ្សារក៏គាត់អត់លទ្ធភាពសង់ឡើងវិញ ខ្ញុំសម្រេចថា រដ្ឋយកពីវិស័យឯកជនមកវិញ រដ្ឋនឹងសង់ជូនវិញដើម្បីឱ្យបានលក់ដូរ »។

ជាមួយគ្នានេះដែរ សម្ដេចធិបតីក៏បាន ប្រកាស សម្រាប់អ្នកដែលជួលតូបពីក្រុមហ៊ុនម្ចាស់ដើម ទាងជាន់ផ្ទាល់ដី និងជាន់ទី១ និងផ្សារតូចនៅខាងក្រោយ រាជរដ្ឋាភិបាល នឹងផ្ដល់សិទ្ធិកាន់កាប់អាស្រ័យផល អស់មួយជីវិត តកូនចៅ តែម្ដង ។

សម្ដេចបរវរធិបតី មានប្រសាសន៍បន្ថែមថា សម្រាប់អ្នកជួលបន្តចំនួន ២៥នាក់ នៅលើជាន់ទី១ នឹងផ្តល់ជូនម្នាក់មួយតូបនៅផ្សារខាងក្រោយ។ ដោយឡែកអ្នកជួលបន្តនៅជាន់ខាង​ក្រោមដែលមិនរងការឆេះ និងអ្នកជួលបន្តនៅផ្សារខាងក្រោយ រដ្ឋ​បាលខេត្តបាត់ដំបង នឹងពិភាក្សាគ្នា ដើម្បីជួយពួកគាត់តាមលទ្ធភាព និងលើកយោបល់ជូនសម្តេចនៅពេលក្រោយ ៕

Share This Post: