ជំនន់ទឹកភ្លៀងនៅតំបន់ភាគខាងត្បូងថៃ បណ្តាលឱ្យមនុស្ស ៩នាក់ត្រូវបាត់បង់ជីវិត ខណៈជាង ៥៥ម៉ឺននាក់កំពុងរងផលប៉ះពាល់
- BY
- Pheakdey
- November 30, 2024
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា។ ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងនៅក្នុងតំបន់ភាគខាងត្បូងថៃនៅពេលនេះ គឺជាទំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ 
បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់ជំនន់ទឹកភ្លៀងក៏បានបង្កផលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលចំពោះពលរដ្ឋចំនួន ៥៥៣,៩២១នាក់ផងដែរ ខណៈនៅក្នុងចំណោមអ្នករងផលប៉ះពាល់ទាំងអស់នោះ មានពលរដ្ឋជាង ១៣,០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន។ ប្រភពខាងលើបានបន្តថា ផលប៉ះពាល់ផ្សេងៗដែលបង្កឡើងដោយជំនន់ទឹកភ្លៀងអាចបន្តកើតមានច្រើនបន្ថែមទៀត ដ្បិតគិតត្រឹមពេលនេះបញ្ហាព្យុះភ្លៀងនៅក្នុងតំបន់កើតហេតុហាក់មិនទាន់ថយចុះឥទ្ធិពលនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






