អន្តរជាតិ

ឥណ្ឌាបិទសាលារៀនមួយចំនួនជាបន្ទាន់ ​ដោយសារឥទ្ធិពលព្យុះស៊ីក្លូន Fengal

BY
Pheakdey
November 30, 2024

ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានសម្រេចបិទសាលារៀនជាច្រើនជាបន្ទាន់ដោយសារតែឥទ្ធិពលរបស់ព្យុះស៊ីក្លូន Fengal នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយឥទ្ធិពលព្យុះស៊ីក្លូន Fengal នៅពេលនេះគឺរដ្ឋ Tamil Nadu ដែលស្ថិតតំបន់ប៉ែកខាងត្បូង​ នៃប្រទេសឥណ្ឌា។

បើយោងតាមអាជ្ញាធរឧតុ​និយមឥណ្ឌាបានបញ្ជាក់ថា ព្យុះស៊ីក្លូន Fengal នឹងបោកបក់កាត់ទីក្រុងនិងទីប្រជុំជនសំខាន់ៗជាច្រើននៅក្នុងរដ្ឋ Tamil Nadu ក្នុងល្បឿនជាមធ្យមចន្លោះពី ៧០ទៅ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈឥទ្ធិពលរបស់ព្យុះនឹងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបណ្តាលឱ្យមានបញ្ហាបាក់ដីនៅតាមតំបន់មួយចំនួនផងដែរ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខការប្រឈមនឹងគ្រោះធម្មជាតិមួយនេះ អាជ្ញាធរបានសម្រេចធ្វើការជម្លៀសពលរដ្ឋប្រមាណជាជាង ៤០០នាក់ហើយ​​ ខណៈគិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍បង្ហាញថា មានអ្នករងរបួសធ្ងន់ធ្ងរនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: