អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយទឹកជំនន់នៅថៃកើនឡើងដល់ ២២នាក់ ខណៈជាង ៦៦ម៉ឺនគ្រួសារកំពុងរងផលប៉ះពាល់

BY
Pheakdey
December 2, 2024

ថៃ៖ តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅតំបន់ប៉ែកខាងត្បូងប្រទេសថៃបានបន្តកើនឡើងដល់ចំនួន ២២នាក់ហើយ​​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២ ខែធ្នូ។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ទឹកជំនន់ក៏ជះឥទ្ធិអាក្រក់ដោយផ្ទាល់និងប្រយោលចំពោះពលរដ្ឋចំនួន ៦៦៤,១៧០គ្រួសារផងដែរ បើគិតចាប់តាំងពីថ្ងៃទី ២២ ខែវិច្ឆិកាមក។

បើតាមអាជ្ញាធរថៃបានឱ្យដឹងថា ដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កឡើយដោយយថាហេតុ អាជ្ញាធរបានបង្កើតជំរំស្នាក់នៅមួយកន្លែងសម្រាប់ឱ្យពលរដ្ឋងាយរងគ្រោះទៅស្នាក់នៅជាបណ្តោះអាសន្ន ខណៈគិតត្រឹមពេលនេះមានប្រជាពលរដ្ឋចំនួន ២២,០០០នាក់ហើយ ដែលបានសម្រេចចិត្តជម្លៀសខ្លួនចេញពីផ្ទះទៅស្នាក់នៅក្នុងទីទួលមានសុវត្ថិភាពមួយនេះ។ ប្រភពខាងលើនេះបានបន្តថា ការប្រឈមនឹងគ្រោះទឹកជំនន់នេះអាចបន្តរហូតដល់ថ្ងៃទី ៥ ខែធ្នូ ដ្បិតយោងតាមការព្យាករណ៍ឧតុនិយមបានបង្ហាញថា​ ចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី ៥ ខែធ្នូ តំបន់ខាងលើនេះនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: