អន្តរជាតិ

មនុស្ស​ ៥៦នាក់បានបាត់បង់ជីវិត ដោយសាររត់ជាន់គ្នានៅក្នុងកីឡដ្ឋានបាល់ទាត់មួយកន្លែងក្នុងប្រទេសហ្គីណេ

BY
Pheakdey
December 2, 2024

ហ្គីណេ៖ យ៉ាងហោចណាស់មានមនុស្សចំ​នួន ៥៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋានបាត់ទាត់មួយកន្លែងនៅក្នុងប្រទេសហ្គីណេ តំបន់អាហ្វ្រិកខាងលិច នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅយប់ថ្ងៃចន្ទ​ ទី២ ខែធ្នូ។ ហេតុការណ៍គ្រោះថ្នាក់យ៉ាងអាណោធអាធ័មនេះនេះ ក៏បានក្លាយជាហេតុការណ៍មានមនុស្សរត់ជាន់គ្នាស្លាប់ក្នុងកីឡដ្ឋានបាត់ទាត់ច្រើនជាងគេបំផុតផងដែរ នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

ប្រភពខាងលើបានបន្តថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងអំឡុងពេលនៃការប្រកួតរវាងក្រុមបាត់ទាត់ Labe ដែលជាក្រុមភ្ញៀវ ត្រូវលេងទល់នឹងក្រុមម្ចាស់ផ្ទះ Nzerekore ក្នុងពានរង្វាន់ដ៏ធំមួយប្រចាំប្រទេសហ្គីណេ។ ដើមហេតុដែលបង្កឱ្យមានការរត់ជាន់គ្នាគឺដោយសារក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Labe ខឹងនឹងការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ដែលសម្រេចពិន័យកាតក្រហម ឬមានន័យថាបណ្តេញកីឡាករចេញពីទីលានលែងឱ្យប្រកួតទៅកាន់កីឡាករចំនួន ២រូបរបស់ក្រុមបាល់ទាត់ Labe និងថែមទាំងបានសម្រេចផ្តល់ការទាត់បាល់ពិន័យ ១១ម៉ែត្រឱ្យទៅក្រុម Nzerekore ទៀតផង។ ភ្លាមៗក្រោយការកាត់សេចក្តីនេះ ក្រុមអ្នកគាំទ្ររបស់ក្រុមបាត់ទាត់ Labe បានផ្តើមគប់វត្ថុផ្សេងៗមានទាំងដុំថ្មផងដែរចូលទៅក្នុងទីលាន ក្រោយមកទាំងពួកគេនិងក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ម្ខាងទៀតក៏នាំគ្នាសម្រុករត់ចូលទៅក្នុងទីលានរហូតមានការជាន់គ្នាស្លាប់តែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: