លោកសង្ឃថៃមួយអង្គសម្រេចពាក់រោមចិញ្ចើមក្លែងក្លាយ ពេលទិញទំនិញនៅក្នុងហាង ដើម្បីអាចប្រើប្រាស់មុខងារស្កេនមុខសម្រាប់ទូទាត់ប្រាក់
- BY
- Pheakdey
- December 3, 2024
ថៃ៖ រូបភាពព្រះសង្ឃមួយអង្គដែលបានបិទរោមចិញ្ចើមក្លែងក្លាយពេលទូទាត់ការទិញទំនិញនៅក្នុងហាងត្រូវបានគេយកទៅចែកចាយពេញបណ្តាញសង្គមក្នុងប្រទេសថៃ និងអមដោយការបញ្ចេញផ្សេងៗគ្នា ដ្បិតវាគឺជារឿងគួរឱ្យអស់សំណើចមួយសម្រាប់មនុស្សមួយចំនួន តែការសម្រេចធ្វើដូចនេះគឺជារឿងចាំបាច់បំផុតសម្រាប់ខ្លួនព្រះអង្គផ្ទាល់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣ ខែធ្នូបានបញ្ជាក់ថា អត្តសញ្ញាណរបស់ព្រះសង្ឃអង្គនេះមិនត្រូវបានគេស្គាល់ឡើយ តែអ្វីដែលគេបានដឹងយ៉ាងច្បាស់នោះគឺព្រះអង្គត្រូវធ្វើការស្កេនមុខដើម្បីទូទាត់ប្រាក់ តែមុខងារស្កេនមុខនៅទូរស័ព្ទមិនស្គាល់ព្រះអង្គឡើង ដោយព្រះអង្គគ្មានរោមចិញ្ចើម។

ប្រភពខាងលើនេះបានបន្តថា ព្រះតេជគុណអង្គនេះធ្លាប់បានទៅចុះឈ្មោះប្រើប្រាស់ប័ណ្ណសមធម៌របស់រដ្ឋ ដែលតាមរយៈនៃការប្រើប្រាស់ប័ណ្ណអេឡិចត្រូនិចនេះ គឺព្រះអង្គអាចមានសិទ្ធទទួលបានលុយឧបត្ថម្ភមួយចំនួនពីរដ្ឋាភិបាលក្នុងការចំណាយមួយចំនួនតាមការកំណត់របស់អាជ្ញាធរថៃ។ យ៉ាងណាក្តី ដើម្បីអាចប្រើប្រាស់ប័ណ្ណសមធម៌នេះបានគឺព្រះអង្គត្រូវធ្វើការបង្ហាញអត្តសញ្ញាណប័ណ្ណនិងធ្វើការស្កេនមុខបញ្ជាក់ ហើយមុខនោះទៀតសោធគឺត្រូវតែជាមុខរបស់ប្រជាពលរដ្ឋធម្មតា ពោលគឺមុនមនុស្សដែលមានរោមចិញ្ចើម។ ពេលស្កេនមុខដំបូង មុខងារស្កេនមុខបានបដិសេធភ្លាម ព្រោះព្រះអង្គគ្មានរោមចិញ្ចើមដូចពលរដ្ឋធម្មតាឡើយ ហើយដើម្បីដោះស្រាយបញ្ហានេះព្រះអង្គក៏បានសម្រេចយករោមចិញ្ចើមសិប្បនិម្មិតមកពាក់ ទើបមុខងារស្កេនមុខព្រមអនុញ្ញាតឱ្យធ្វើការទូទាត់ប្រាក់ជាធម្មតាបាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






