Apple នឹងបន្ថែមការវិនិយោគ ១ពាន់លានដុល្លារនៅឥណ្ឌូណេស៊ី ដើម្បីរួចផុតពីការហាមឃាត់មិនឱ្យលក់ទូរស័ព្ទ iPhone 16
- BY
- Pheakdey
- December 4, 2024
ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ីនឹងទទួលបានការវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ១ពាន់លានដុល្លារបន្ថែមទៀតពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក គឺក្រុមហ៊ុន Apple នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៤ ខែធ្នូ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ការសម្រេចបន្ថែមទំហំទឹកប្រាក់វិនិយោគនេះគឺត្រូវបានធ្វើឡើងដោយសារក្រុមហ៊ុន Apple ចង់រួចផុតពីការហាមឃាត់មិនឱ្យលក់ទូរស័ព្ទ iPhone 16 នៅលើទឹកដីនៃប្រទេសឥណ្ឌូណេស៊ី។

គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងក្រុមហ៊ុន Apple ជាមួយនឹងអាជ្ញាធរឥណ្ឌូនេស៊ីបានកើតឡើងជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីពេលដែលក្រុមហ៊ុន Apple បានបញ្ចេញលក់ទូរស័ព្ទ iPhone 16 គ្រប់ស៊េរីនៅលើទីផ្សារអន្តរជាតិម្លេះ។ ហេតុផលចម្បងនៃបញ្ហាចម្រូងចម្រាសនេះបានកើតឡើងដោយសារតែច្បាប់កំណត់ទំហំទឹកប្រាក់វិនិយោគពីសំណាក់ក្រុមហ៊ុនបរទេសរបស់អាជ្ញាធរឥណ្ឌូនេស៊ី ពោលគឺនៅក្នុងច្បាប់នេះបានកំណត់ពីទំហំទឹកប្រាក់ជាក់ស្តែងដែលក្រុមហ៊ុនបរទេសនីមួយៗត្រូវធ្វើការវិនិយោគក្នុងប្រទេសឥណ្ឌូណេស៊ី មុនពេលក្រុមហ៊ុនទាំងនោះទទួលបានសិទ្ធលក់ផលិតផលមួយចំនួនរបស់ពួកគេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះពោលគឺស្ថិតនៅក្នុងដំណាក់កាលដែលក្រុមហ៊ុន Apple មិនទាន់បានបន្ថែមទឹកប្រាក់និយោគនៅឡើយ គឺសកម្មភាពទិញ-លក់ទូរស័ព្ទ iPhone 16 គ្រប់ស៊េរីនៅក្នុងប្រទេសឥណ្ឌូណេស៊ីត្រូវបានចាត់ទុកថា ជាសកម្មភាពខុសច្បាប់៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






