អន្តរជាតិ

WHO៖ ជំងឺថ្មីមួយកំពុងផ្ទុះការរាតត្បាតនៅប្រទេសកុងហ្គោ និងបង្កឱ្យអ្នកជំងឺជាង ៣០នាក់ត្រូវបាត់បង់ជីវិត

BY
Pheakdey
December 9, 2024

អង្គការសុខភាពពិភពលោក ឬហៅកាត់ថា WHO កំពុងតាមដានការវិវឌ្ឍរបស់ជំងឺថ្មីមួយប្រភេទ ដែលគិតត្រឹមពេលគេអាចហៅជំងឺថ្មីនេះដោយប្រើឈ្មោះបណ្តោះអាសន្នត្រឹមថា “ជំងឺ X” យ៉ាងយកចិត្តទុកដាក់បំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៩ ខែធ្នូ។ អ្វីដែលគេអាចសម្គាល់អំពីជំងឺ X បានគឺវាបានបណ្តាលឱ្យអ្នកជំងឺ ក្តៅខ្លួន ឈឺក្បាល ហៀរសំបោរ ក្អក និងមានការឈឺចាប់លើរាងកាយជាដើម ពោលគឺស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយដែរ។

ប្រភពខាងលើបានបន្តថា គិតចាប់តាំងពីថ្ងៃទី ២៤ ខែវិច្ឆិកាមក ជំងឺ X បានបង្កការចម្លងទៅកាន់មនុស្សចំនួន ៤០៦ករណីហើយ​  ដោយនៅក្នុងនោះមានអ្នកជំងឺជាង ៥០% ជាកុមារមានអាយុក្រោម ៥ឆ្នាំ ខណៈក៏មានករណីឆ្លងគួរឱ្យកត់សម្គាល់មួយករណីដែរ ដែលបានកើតឡើងលើអ្នកដំណើរម្នាក់អាយុជាង ៥០ឆ្នាំ នៅក្នុងប្រទេសអ៊ីតាលី។ ដ្បិតតែជំងឺ  X មើលទៅមានលក្ខណៈស្រដៀងគ្នាទៅជំងឺផ្តាសាយ តែជំងឺថ្មីនេះអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន ប្រសិនបើអ្នកជំងឺមិនបានទៅរកសេវាព្យាបាលជាមួយគ្រូពេទ្យជំនាញឱ្យបានទាន់វេលានោះទេ ជាក់ស្តែងគិតត្រឹមពេលនេះមានអ្នកស្លាប់ដោយជំងឺ X សរុបចំនួន ៣១ករណីហើយ។ សូមបញ្ជាក់ជូនថា កន្លែងដែលកំពុងផ្ទុះការរាតត្បាតជំងឺ X ខ្លាំងបំផុតនៅពេលគឺតំបន់ភាគខាងត្បូងនៃប្រទេសកុងហ្គោ ខណៈមូលហេតុដែលបង្កឱ្យមានជំងឺនេះឡើងនៅមិនទាន់មានអ្នករកឃើញនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖The Strait Time

Share This Post: