លោកគ្រូបង្រៀនជនជាតិថៃម្នាក់ ត្រូវជាប់ពន្ធនាគារសរុបជិត ១៣០ឆ្នាំ ក្រោយបានធ្វើសកម្មភាពមិនសមរម្យមួយចំនួនទៅលើកុមារារាប់រយនាក់
- BY
- Pheakdey
- December 10, 2024
ថៃ៖ គ្រូបង្រៀននៅក្នុងប្រទេសថៃម្នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាង១០០ឆ្នាំជុំវិញករណីបានរំលោភបំពានផ្លូវភេទនិងបៀតបៀនផ្លូវភេទទៅលើក្រុមកូនសិស្សភេទប្រុសមិនទាន់គ្រប់អាយុរាប់រាយនាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១០ ខែធ្នូ។ គ្រូបង្រៀនរូបនេះត្រូវបានគេបង្ហាញឈ្មោះត្រឹមថា Tee អាយុ ៣២ឆ្នាំ ភេទប្រុស ជាគ្រូបង្រៀននៅក្នុងសាលាមួយកន្លែងក្នុងទីក្រុងបាងកក ហើយរូបគាត់ត្រូវបានប៉ូលិសថៃធ្វើការឃាត់ខ្លួនតាំងតែពីថ្ងៃទី២៤ ខែមិថុនាម្លេះ។

យ៉ាងណាក្តី ការសម្រចរបស់តុលាការថៃដែលទើបត្រូវបានធ្វើឡើងកាលពីដើមសប្តាហ៍នេះបានសម្រេចចោទប្រកាន់ថា លោកគ្រូ Tee ត្រូវជាប់ពន្ធនាគាររយៈពេល ១១១ឆ្នាំពីបទបានរំលោភបំពានផ្លូវភេទលើកុមារានិងត្រូវជាប់ពន្ធនាគាររយៈពេល ២១៦ខែ (១៨ឆ្នាំ)ពីបទបៀតបៀនផ្លូវភេទលើកុមារារាប់រយនាក់។ ក្រៅតែពីត្រូវទទួលទោសជាប់ពន្ធនាគារក្នុងរយៈពេលសរុបរហូតដល់១២៩ឆ្នាំហើយ លោកគ្រូ Tee ក៏ត្រូវបង្គាប់ឱ្យបង់ប្រាក់ចំនួន ១,៥លានបាត (៤៤,៤១៥ដុល្លារ) ទៅកាន់កុមារារងគ្រោះ និងបង់ប្រាក់ចំនួន ៦៥ម៉ឺនបាត (១៩,២៣៦ដុល្លារ) ទៅកាន់ម្តាយកុមាររងគ្រោះ ដែលជាម្ចាស់ដើមបណ្តឹងក្នុងសំណុំរឿងនេះផងដែរ។
សូមបញ្ជាក់ថា ករណីរបស់លោក Tee គឺជាផ្នែកមួយនៃការបង្រ្កាបករណីរំលោភបំពានផ្លូវភេទទៅលើកុមារាទ្រង់ទ្រាយធំមួយ ដែលត្រូវបានធ្វើឡើងដោយក្រុមប៉ូលិសជំនាញថៃ ខណៈកាលពីដើមឆ្នាំនេះ តុលាការថៃបានសម្រេចកាត់ទោសលោក Danudet Saengkaew ប្រធានទីភ្នាក់ងារ Nene Modeling ឱ្យជាប់ពន្ធនាគាររយៈពេល ១២១ឆ្នាំ និង ២២៣ខែ ដោយត្រូវរងនូវការចោទប្រកាន់ដូចករណីរបស់លោកគ្រូ Tee ដែរ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា លោក Danudet Saengkaew និងលោកគ្រូ Tee បានសហការគ្នាក្នុងការប្រព្រឹត្តបទល្មើសដូចបានរៀបរាប់ខាងលើនេះ ហើយបើគិតជារួមគឺពួកគាត់បានរំលោភបំពានលើកុមារាជាង ១,០០០នាក់ ហើយរូបភាពរបស់កុមារាដែលពួកគាត់បានរំលោភបំពាននោះមានសរុបរហូតដល់ជាង ៥០០,០០០សន្លឹក ខណៈទីតាំងដែលពួកគាត់បានធ្វើសកម្មភាពស្មោកគ្រោកនារយៈពេលកន្លងមកនេះមានដូចជា នៅក្នុងសាលារៀន នៅក្នុងឡាន នៅបន្ទប់ទឹក និងនៅក្នុងបន្ទប់សោតទស្សន៍របស់សាលាជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






