ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ ណែនាំស្តីពី ការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ

    BY soknita December 12, 2024
    ក្រសួងមហាផ្ទៃ ណែនាំស្តីពី ការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ

    យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅល្ងាចថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំ លេខ០០៧ សណន ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ ស្តីពី ការស្លៀកពាក់ឯកសណ្ឋាននិងការប្រើស្លាកសញ្ញានគរបាលជាតិកម្ពុជា ដើម្បីលើកកម្ពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់មន្ត្រីនគរបាលជាតិឱ្យបានស័ក្តិសមជាកងឯកភាពរៀបរយ សំដៅធានាប្រសិទ្ធភាពនៃការបំពេញ កិច្ចប្រតិបត្តិការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

    បច្ចុប្បន្ន ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា មន្ត្រីនគរបាលជាតិបម្រើការងារតាមបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិក្នុងពេលបំពេញការងារ បានត្រឹមត្រូវស្របតាមគោលការណ៍ណែនាំនិងលិខិតបទដ្ឋានដែលបានកំណត់។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃក៏បាន សង្កេតឃើញថា កន្លងមកមានថ្នាក់ដឹកនាំមួយចំនួនតូចដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយត្រូវបាន តែងតាំងជាមុខងារនយោបាយនិងបានដាក់ឱ្យស្ថិតនៅក្រៅក្របខ័ណ្ឌដើម បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃនិងចូលរួមកិច្ចប្រជុំនានា។

    ក្នុងន័យនេះ ដើម្បីធានាឱ្យការប្រើឯកសណ្ឋាននគរបាលជាតិបានត្រឹមត្រូវស្របតាមគោលការណ៍កំណត់ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយត្រូវបាន តែងតាំងជាមុខងារនយោបាយ ដូចខាងក្រោម៖

    ១- មិនអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃនិងចូលរួមកិច្ចប្រជុំនានា។

    ២- អនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋានគរបាលជាតិ ក្នុងករណីមានការចាត់តាំងឱ្យចូលរួមក្នុងពិធីបុណ្យជាតិ ពិធីថ្ងៃខួបកំណើតនគរបាលជាតិ សន្និបាតក្រសួង ឬពិធីផ្លូវការណាមួយ ដែលតម្រូវឱ្យស្លៀកពាក់ ឯកសណ្ឋាននគរបាលជាតិតែប៉ុណ្ណោះ។

     

    Share This Post: