អន្តរជាតិ

ក្រុមហ៊ុនធំមួយនៅអាមេរិកត្រូវពិន័យ ៦៥០លានដុល្លារ ជុំវិញករណីប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារ ដែលមាននិន្នាការជម្រុញឱ្យសាធារណជនប្រើប្រាស់សារធាតុខុសច្បាប់

BY
Pheakdey
December 14, 2024

អាមេរិក៖ ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់ McKinsey & Co. ត្រូវបានតុលាការអាមេរិកបង្គាប់ឱ្យបង់ប្រាក់រហូតដល់ ៦៥០លានដុល្លារ ជុំវិញករណីដែលក្រុមហ៊ុនដ៏ធំមួយនេះបានផ្តល់យុទ្ធសាស្រ្តទីផ្សារយ៉ាងល្អមួយទៅកាន់ក្រុមហ៊ុនផលិតថ្នាំដែលចម្រាញ់ចេញពីអាភៀនកាលពី ៥ឆ្នាំមុន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃសុក្រ ទី១៣​ ខែធ្នូបានបញ្ជាក់ថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីឆ្នាំ ២០១៩ ម្លេះ តែយ៉ាងណាក្តីការយល់ព្រមព្រៀងគ្នាចុងក្រោយចំពោះការបង់ប្រាក់ពិន័យដ៏ច្រើនខាងលើនេះទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុនដែលជាអ្នកផលិតឱសថដោយផ្ទាល់នោះគឺក្រុមហ៊ុន Purdue Pharma ហើយនាពេលកន្លងមក ក្រុមហ៊ុនផលិតឱសថមួយនេះបានដាក់លក់ថ្នាំបំបាត់ការឈឺចាប់មួយប្រភេទឈ្មោះ OxyContin នៅសហរដ្ឋអាមេរិក ដោយប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារពីក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់ McKinsey & Co.។ យុទ្ធសាស្រ្តផ្សព្វផ្សាយនិងជំរុញការលក់របស់ក្រុមហ៊ុន McKinsey & Co. ក្នុងការលក់ថ្នាំបំបាត់ការឈឺចាប់ខាងលើពិតជាមានប្រសិទ្ធភាព តែទន្ទឹមគ្នានោះវាក៏បានជួយជម្រុញនិងលើកទឹកចិត្តដល់ពលរដ្ឋអាមេរិកជាច្រើននាក់ផ្សេងទៀតឱ្យងាកទៅប្រើប្រាស់អាភៀនដោយផ្ទាល់ផងដែរ។ សូមបញ្ជាក់ជូនថា ការប្រើប្រាស់អាភៀនក្នុងបរិមាណជាក់លាក់មួយសម្រាប់ចម្រាញ់ចេញជាឱសថគឺជារឿងស្របច្បាប់ តែការប្រើប្រាស់ ការចែកចាយ ឬការផ្សព្វផ្សាយលើកទឹកចិត្តឱ្យមនុស្សទៅប្រើប្រាស់អាភៀនដោយផ្ទាល់គឺជារឿងខុសច្បាប់៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: