ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចបានណែនាំឱ្យសាងសង់ស្ពានតភ្ជាប់ពីក្រុងរណបថ្មីនៅអរិយក្សត្រភ្ជាប់ទៅកោះនរា ហើយចង់ឱ្យសិក្សាលទ្ធភាពទាំងស្ពានលើទឹក និងក្រោមទឹក

BY
Liny Chan
December 17, 2024

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥​៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី (Mekong Quay City)»។ គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។ គម្រោងនេះជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group។

នាឱកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានណែនាំឱ្យសាងសង់ស្ពានតភ្ជាប់ពីក្រុងរណបថ្មីនៅអរិយក្សត្រ ភ្ជាប់ទៅកោះនរា។ សម្តេចចង់ឱ្យសិក្សាលទ្ធភាពទាំងស្ពានលើទឹក និងក្រោមទឹក។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « អំបាញ់មិញនេះ ខ្ញុំឃើញមានការសិក្សាពីការតភ្ជាប់ពីខាងកោះនរា ទៅខាងរាជធានីភ្នំពេញបន្ថែម។ ខ្ញុំបានឱ្យវិស័យឯកជនសិក្សាមើលតភ្ជាប់រវាងនៅទីនេះ (អរិយក្សត្រ) ទៅកោះនរានៅខាងនោះ។ ខ្ញុំឱ្យសិក្សា ២ជំរើស ទាំងស្ពានខាងលើ និងក្រោមទឹក ដើម្បីធ្វើយ៉ាងណាភ្ជាប់ ដើម្បីបើកច្រកប្រជាពលរដ្ឋដែលរស់នៅទីនេះ ថ្ងៃក្រោយអាចឆ្លងកាត់ទៅផ្លូវជាតិលេខ១ ដោយមិនចាំបាច់ទៅណាឆ្ងាយ ឬ មួយក៏ឡើងទៅកោះនារា មានស្ពានកោះពេជ្រ ឡើងទៅដល់នោះស្រាប់។ អ៉ីចឹងគឺការតភ្ជាប់នេះ គឺជារឿងល្អ ហើយបើបានក្រោមទឹកទៀត កាន់តែល្អតែម្ដង ហើយសង្ឃឹមថាយើងនឹងមាន »៕

អត្ថបទ៖ លីនី

Share This Post: