ករណីក្មេងទំនើងចូលកាប់ម៉ូតូដល់ក្នុងផ្ទះនៅខណ្ឌដង្កោល្បីពេញបណ្ដាញសង្គម ពេលនេះកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបជនសង្ស័យបាន ៧នាក់ រហ័សនាមក្រុម «D4 ឬឆ្កែ៤»
- BY
- Liny Chan
- December 17, 2024
ភ្នំពេញ៖ កាលពីវេលាម៉ោង ២៣ និង០០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤ មានក្រុមក្មេងទំនើងមួយក្រុមបានធ្វើសកម្មភាពហិង្សាដោយចេតនាដេញគ្នាចូលកាប់បំផ្លាញម៉ូតូយ៉ាងសាហាវបំផុតនៅក្នុងបុរី HP ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវបានមហាជនបង្ហោះព្រោងព្រាតនៅក្នុងបណ្ដាញសង្គម។
យ៉ាងណាមិញ ក្រោយពីទទួលពាក្យបណ្តឹង និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយឯកឧត្តម ឧត្តមសេនី យ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរ បាលរាជធានីភ្នំពេញ និងមានការបញ្ជាដឹកនាំដោយផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក ជឹម ស៊ីថា ជាអធិ ការខណ្ឌដង្កោ និងសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលព្រៃស ព្រមទាំងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង ហុកសែ ជាអធិការរងសហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រឹតស្រាល នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ចាប់ឃាត់ខ្លួនបានក្រុមក្មេងទំនើងជាជនសង្ស័យចំនួន ៧នាក់ នៅវេលាម៉ោង១៣រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីយប់ថ្ងៃកើតហេតុ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនី យ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្ងៃនេះយើងបានបង្ហាញលទ្ធផលការងាររបស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា ជាអធិការខណ្ឌបានសហការជាមួយការិយាល័យព្រហ្មទ័ណ្ឌកំរឹតស្រាល និងមានការចង្អុលបញ្ជាផងដែរពីសំណាក់លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ជាស្នងការរង ហើយនៅព្រឹកថ្ងៃទី ១៧ ខែធ្នូនេះ សមត្ថកិច្ចយើងបានធ្វើការបង្ហាញក្រុមជនសង្ស័យចំនួន ៧នាក់ ជាក្មេងទំនើង បង្កហិង្សាចូលកាប់ម៉ូតូរបស់ជនរងគ្រោះយកស្លាកលេខម៉ូតូចំនួន ២ ហើយក្រោយមកសមត្ថកិច្ចយើងក៏បានសហការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់តែម្តងចំនួន ៧នាក់នេះ។
ដោយឡែកលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការដឹកនាំបង្ក្រាបក្រុមក្មេងទំនើងបណ្តាភូមិសាស្ត្រនិមួយៗនេះ។ លោកថា ក្រោយពីប៉ុស្តិ៍រដ្ឋបាលនគរបាលព្រៃស ទទួលបានព័ត៌មានពីជនរងគ្រោះថាមានក្រុមក្មេងទំនើង ១ក្រុមបានចូលមកវាយម៉ូតូរបស់ខ្លួនដល់ក្នុងផ្ទះសំណាក់ដែលគាត់ជួលស្នាក់នៅ។ ក្រោយមកម៉ោងជិត ១០ព្រឹកថ្ងៃទី ១៥ធ្នូ សមត្ថកិចយើងក៏បានបង្ក្រាបបានម្នាក់នៅជិតវត្តសំបួរនាំមកសួរនាំនៅប៉ុសិ៍្តរដ្ឋបាលព្រៃស បន្ទាប់មកសមត្ថកិច្ចក៏បានសហការឈានដល់ឃាត់ខ្លួនបានជាបន្ត បន្ទាប់ចំនួន ៧នាក់ នៅម្តុំទួលពង្រនេះតាមចម្លើយសារភាព។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា ក៏បានបញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួនក្រុមនេះបានហើយជនរង គ្រោះម្ចាស់ម៉ូតូមានឈ្មោះ សុខ ស្រីណែត ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់អនឡាញ ស្នាក់នៅផ្ទះកើតហេតុ បានមកចង្អុលថាពិតជាក្រុមនេះមែន។ ហើយក្រុមជនសង្ស័យនេះក៏បាននិយាយថា ពួកគេមានរហស្សនាម (D4ហៅថា ឆ្កែ៤) និងមានការចងក្រងជាផេគផងដែរ ងាយស្រួលពួកគេទាក់ទងគ្នារ។ លោកថា ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចយើងនឹងមិនរាថយទេ នឹងដឹកនាំបង្ក្រាបឲ្យអស់ឬសគល់ តាមការដាក់បទ បញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
- Share This Post: