ពងមាន់មួយគ្រាប់ត្រូវដាក់លក់ក្នុងតម្លៃជាង ២៥០ដុល្លារ ព្រោះតែមានលក្ខណៈពិសេសមួយនេះ
- BY
- Pheakdey
- December 17, 2024
ស្កុតឡេន៖ ជាទូទៅពងមាន់ត្រូវបានគេចាត់ទុកជាអាហារ ដែលមានតម្លៃថោកមួយប្រភេទ ហើយការដាក់លក់នៅតាមផ្សារទំនើបវិញគឺគេតែវេចខ្ចប់ជាប្រអប់ ឬជាកញ្ចប់ ដែលមានចំនួនពងមាន់ច្រើនលើសពីមួយ ពោលគឺគេកម្រទិញពងមាន់ម្តងមួយគ្រាប់ណាស់។ យ៉ាងណាក្តី យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូបានឱ្យដឹងថា មានពងមាន់មួយគ្រាប់ត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ២០០ ផោន ឬស្មើនឹង ២៥៣ ដុល្លារឯណោះ។

មិនត្រឹមតែលក់បានថ្លៃនោះទេ ពងមាន់មួយគ្រាន់នេះថែមទាំងត្រូវបានដាក់លក់ក្នុងទម្រង់ជាការដេញថ្លៃ ដោយមនុស្សជាច្រើនព្យាយាមដេញថ្លៃទិញវាទៀតផង។ ប្រភពខាងបានបន្តថា ការពិតពងមាន់មួយគ្រាប់នេះគឺគ្រាន់តែជាពងមាន់ធម្មតាប៉ុណ្ណោះ តែវាមានលក្ខណៈពិសេសមួយគឺត្រង់ថា វាមានរាងមូល ពោលគឺមូលដូចបាល់តែម្តង ខណៈរូបរាងពិសេសនេះទៀតសោធគឺបានកើតឡើងតាមធម្មជាតិដោយពុំមានការកែច្នៃអ្វីឡើយ។ ស្រ្តីជាម្ចាស់ពងមាន់តម្លៃជាង ២៥០ដុល្លារនេះបានឱ្យដឹងថា គាត់បានទៅផ្សារទំនើបទិញពងមាន់យកមកទុកញ៉ាំជាធម្មតា ដោយពងមាន់នោះមានតម្លៃ ១,៩ផោន (២,៤០ដុល្លារ) សម្រាប់ពងមាន់មួយប្រអប់មានចំនួន ១៥គ្រាន់ តែចៃដន្យគាត់ក៏បានប្រទះឃើញពងមាន់មួយគ្រាន់មានរាងមូលចម្លែកខុសគេ ហើយគាត់ក៏មានគំនិតដាក់លក់ដោយការដេញថ្លៃតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






