បុរសម្នាក់ចាក់សាំងដុតហាងកាហ្វេមួយកន្លែងនៅវៀតណាម ក្រោយឈ្លោះគ្នាជាមួយបុគ្គលិកក្នុងហាង បណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត
- BY
- Pheakdey
- December 19, 2024
វៀតណាម៖ យ៉ាងយោចណាស់មានមនុស្សចំនួន ១១នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះ ហាងកាហ្វេមួយកន្លែងនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ១៩ ខែធ្នូ។ ហាងកាហ្វេមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងទីក្រុងហាណូយ និងជាអគារដែលមានកម្ពស់ ៣ជាន់។

ប្រភពខាងលើបានបន្តថា ក្រៅពីមានមនុស្សបាត់បង់ជីវិត ក្នុងនោះក៏មានមនុស្សចំនួន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈមនុស្សចំនួន ៧នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះចេញពីអគ្គីភ័យទាន់ពេលវេលា។ បើយោងតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ភ្លាមៗក្រោយកើតមានហេតុការណ៍អកុសលនេះ ប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ ដែលបានធ្វើសកម្មភាពចាក់សាំងពីលើដំបូលអគារនិងបង្កើតឱ្យមានភ្លើងឆាបឆេះឡើង បន្ទាប់ពីរូបគាត់មានជម្លោះជាមួយនិងបុគ្គលិកនៅក្នុងហាង៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






