៣៥នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នា នៅពិធីតាំងពិព័រណ៌ក្នុងសាលារៀនមួយកន្លែងក្នុងប្រទេសនីហ្សេរីយ៉ា
- BY
- Pheakdey
- December 20, 2024
នីហ្សេរីយ៉ា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នាដ៏កម្រមួយនៅក្នុងប្រទេសនីហ្សេរីយ៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian នៅក្នុងថ្ងៃសុក្រ ទី២០ ខែធ្នូ។ ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុជាង ៣០នាក់ហើយ នៅមានមនុស្សចំនួន ៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។

ប្រភពខាងលើនេះបានបន្តថា ហេតុការកាណ៍អកុសលខាងលើនេះបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែងមានឈ្មោះថា Basorun Islamic Highschool និងមានទីតាំងស្ថិតនៅក្នុងក្រុង Ibadan ដែលជាក្រុងធំបំផុតលំដាប់ទី៣ នៅក្នុងប្រទេសនីហ្សេរីយ៉ា។ បើតាមអាជ្ញាធរនីហ្សេរីយ៉ាបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាកូនក្មេងសិស្សសាលា ហើយហេតុផលដែលនាំឱ្យមានការរត់ជាន់គ្នាគឺដោយសារតែនៅក្នុងសាលារៀនបានរៀបចំកម្មវិធីតាំងពិព័រណ៌មួយ ដែលមានក្មេងៗចូលរួមសរុបប្រមាណជា ៥,០០០នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Guardian
- Share This Post:






