បុរសម្នាក់បើករថយន្តទាំងកម្រោលចូលក្នុងផ្សារ Christmas នៅអាឡឺម៉ង់ បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និង ៦៨នាក់រងរបួស
- BY
- Pheakdey
- December 21, 2024
អាឡឺម៉ង់៖ យ៉ាងណោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍មានបុរសម្នាក់បើករថយន្តទាំងកម្រោលចូលទៅក្នុងផ្សារមួយកន្លែងនៅប្រទេសអាឡឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែធ្នូ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះក៏មានជនរងគ្រោះម្នាក់ជាកុមារម្នាក់ផងដែរ ខណៈទីតាំងដែលជាកន្លែងកើតហេតុគឺផ្សារនៅជាប់នឹងដងផ្លូវមួយកន្លែងក្នុងទីក្រុងប៊ែរឡាំង មានឈ្មោះថា Christmas Market។

ក្រៅតែពីបានសម្លាប់មនុស្សយ៉ាងអាណោចអាធ័មហើយ ហេតុការណ៍នេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៦៨នាក់ផ្សេងទៀតបានរងរបួសផងដែរ ដោយនៅក្នុងនោះគឺមានជនរងគ្រោះចំនួន ១៤នាក់បានរងរបួសធ្ងន់ធ្ងរ។ បើតាមអាជ្ញាធរអាឡឺម៉ង់បានបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ដែលជាជនបង្កហេតុ មានអាយុ ៥០ឆ្នាំ មានមុខរបរជាវេជ្ជបណ្ឌិតផ្នែកចិត្តសាស្រ្ត និងជាពលរដ្ឋមានដើមកំណើតមកពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានផ្លាស់ទៅរស់នៅក្នុងប្រទេសអាឡឺម៉ង់កាលពីឆ្នាំ ២០០៦។ គិតត្រឹមពេលនេះជនបង្កហេតុត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ខណៈមូលហេតុដែលជម្រុញឱ្យគាត់ធ្វើរឿងដ៏ឆ្កួតលីលានេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






