សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការវាស់វែងចុះបញ្ជីក្បាលដីជាប្រព័ន្ធនៅទូទាំងប្រទេស គ្រោងបញ្ចប់នៅឆ្នាំ២០២៥ និងឈានដល់ចែកបណ្ណជូនពលរដ្ឋនៅឆ្នាំ២០២៧
- BY
- Liny Chan
- December 21, 2024
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញដល់ការវាស់វែង ក្នុងការចុះបញ្ជីក្បាលដី ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យចប់ត្រឹមឆ្នាំ២០២៥ខាងមុខ នឹងឈានដល់ការចែកបណ្ណជូនប្រជាពលរដ្ឋដែលត្រូវទទួលបាន ក្នុងអំឡុងឆ្នាំ២០២៧។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មកដល់នឹងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានជំរុញការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋទូទាំងប្រទេស បានចំនួន៣លាន៤សែនក្បាលដី និងបានចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ បានចំនួន៨ម៉ឺន៧ពាន់បណ្ណ ខណៈសម្តេចធិបតី បញ្ជាក់បន្ថែមថា នៅសល់តែប្រហែល១លាន៣សែនក្បាលដីទៀតនោះទេ ដែលត្រូវចុះបញ្ជីបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “យើងខិតខំធ្វើយ៉ាងណាឱ្យគោលដៅរបស់យើង គ្រោងបញ្ចប់ នៅឆ្នាំ២០២៥ខាងមុខនេះ ក្នុងការវាស់វែងចុះបញ្ជី ដើម្បីយើងឈានទៅដល់ការចែកបណ្ណ ជូនប្រជាពលរដ្ឋដែលត្រូវបានទទួលបានឱ្យចប់ នៅក្នុងអំឡុងឆ្នាំ២០២៧ និយាយរួមជិត៤០ឆ្នាំ នៃខួបនៃការផ្តល់ដីសម្បទាន ចឹងខ្ញុំសូមជូនព័ត៌មាននេះ ជូនប្រជាពលរដ្ឋឱ្យបានជ្រាប”៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: