ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ៗថា ក្រសួងអប់រំគ្មានការដាក់បញ្ចូល​ភាសាវៀតណាម ឬភាសាផ្សេងៗ ក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ជាតិនោះឡើយ

BY
Liny Chan
December 23, 2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ច្បាស់ៗថា ក្រសួងអប់រំគ្មានការដាក់បញ្ចូល​ភាសាវៀតណាម ឬភាសាផ្សេងៗ ក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ជាតិទេ ភាសាជាតិនៅក្នុងកម្មវិធីអប់រំរបស់ជាតិ គឺភាសាខ្មែរតែមួយគត់។

សម្ដេចបវរធិបតី បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នា បានព្រឹកថ្ងៃចន្ទ ទី២៣ខែធ្នូ ឆ្នាំ២០២៤នេះ។

សម្ដេចបវរធិបតី បានមានប្រសាសន៍ថា៖ « ឥឡូវនេះព័ត៌មានវិលវល់តាមប្រព័ន្ធបច្ចេកវិទ្យាមិនដឹងស្អីជាស្អី ថ្ងៃមុនមានការស្រែកថា ក្រសួងអប់រំ ដាក់បញ្ចូលភាសាវៀតណាមនៅក្នុងប្រព័ន្ធជាភាសាជាតិ អត់មានទេខ្ញុំសូមបញ្ជាក់ដរាបណា គណបក្សប្រជាជននៅដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា ។ គ្មានដាក់ភាសាបារាំង គ្មានដាក់ភាសាអង់គ្លេស គ្មានទេ »។

ក្នុងឱកាសនោះសម្ដេចធិបតីក៏បានរម្លឺកផងដែរថា កាលពីមុនសង្រ្គាមចង់ប្រលងបាក់ឌុប ទាល់តែយើងចេះទាំងភាសាខ្មែរ និងបារាំង ខេមរយានកម្មក៏មានភាសាបារាំង តែឥលូវអត់ទេ ភាសាផ្សេងបរទេស អាមេរិក អង់គ្លេស ជប៉ុន និងភាសាផ្សេងៗជាភាសារៀនបន្ទាប់បន្សំ តែភាសាជាតិនៅក្នុងកម្មវិធីអប់រំរបស់ជាតិ គឺភាសាខ្មែរតែមួយគត់៕

អត្ថបទ៖ លីនី

Share This Post: