សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង
- BY
- Liny Chan
- December 23, 2024
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ឪពុក ម្តាយណាក៏ដោយតែងតែព្រួយបារម្ភ ចំពោះកូនដែលការប្រឡងចង់ឱ្យកូនជាប់ ហើយជួយបោះប្រ៊ុយយ៉ុងជួយកូនឱ្យប្រឡងជាប់នោះ គ្មាននិរន្តរភាពនោះទេ ផ្ទុយទៅវិញធ្វើឱ្យកូនគ្មានទំនុកចិត្ត លើកខ្លួនឯងទៅវិញ។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស «A» សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡង សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបថ្លែងញ្ជាក់ថា ៖ «កាលសម័យខ្ញុំប្រឡងប៊ិះចំមួយដំថ្មដែលគប់ចង់ជាប់ ជាមួយប្រ៊ុយយ៉ុងចូលតាមប្រឡោះបង្អួច«…» អ្វីដែលខ្ញុំនិយាយបែបនេះគឺថាការចង់ជួយកូនចៅ របស់ខ្លួនឱ្យជាប់គឺជាឧបសគ្គមួយ ពិតមែនគាត់រួចមួយតង់ តែគាត់ត្រូវប្រឡូកការងារបន្តទៀត។ អីចឹងការជួយបែបនេះគ្មាននិរន្តរភាព ហើយមិនបានត្រៀមលក្ខខណៈឱ្យកូនចៅត្រៀមខ្លួនឯងដែរ»។
សម្តេចធិបតីបានបន្តថា ឪពុកម្តាយមិនអាចទៅដឹកដៃកូនរហូតនោះទេ នៅពេលយើងមានចំណេះហើយត្រូវបង្កើតឱ្យមានភាពជឿជាក់លើខ្លួនឯង។ សម្តេចធិបតីនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា ការប្រឡងបាក់ឌុបគឺ ជាការវាស់ស្ទង់សមត្ថភាពមួយនិងជាការបង្កើតសមត្ថភាព និងការទុកចិត្តលើខ្លួន។
សម្តេចធិបតីគូសបញ្ជាក់បន្ថែមថា៖ « ឪពុកមិនអាចទីពឹងឱ្យកូនប្រឡងជាប់ ឬធ្លាក់នោះទេ តែឪពុកម្តាយអាចជំរុញឱ្យកូនខំរៀនដើម្បីទទួលបាននិន្ទេសល្អផ្អែកលើសមត្ថភាពខ្លួន»។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង០៨ តុលា ២០២៤ ដោយក្នុងការប្រឡងនេះដែរ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៣៧ ០៤០នាក់ ស្រី ៧៤ ៨៨២នាក់ ត្រូវជា ៥៤,៦៤ភាគរយ, បេក្ខជនបានមកប្រឡង ចំនួន ១៣៤ ៦២៩នាក់ ស្រី ៧៣ ៩២៩នាក់ ត្រូវជា ៥៤,៩១ភាគរយ និងបេក្ខជនបានប្រឡងជាប់សរុប ១០៦ ៣៥១នាក់ ស្មើនឹង ៧៩,០០% នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ ចំពោះបេក្ខជនទទួលបានទ្ទេសA ចំនួន ២ ២១៦នាក់ ស្រី១ ២៨១នាក់ ត្រូវជា៥៧,៨០% ។
ជាមួយគ្នានេះ ក្រសួងបានរៀបចំការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ១៦ កញ្ញា ២០២៤ សម្រាប់សិស្ស ផ្នែកអប់រំបច្ចេកទេស មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ៧៩៤ នាក់ ស្រី ៣១៩ នាក់, បេក្ខជនមកប្រឡងសរុប ៧៩០នាក់ ស្រី ៣១៨នាក់, និងបេក្ខជនបានប្រឡងជាប់ជាស្ថាពរសរុប ៧៨០នាក់ (ស្រី ៣១៦នាក់) គិតជាភាគរយ ស្មើនឹង ៩៨.៧៣% នៃចំនួនបេក្ខជនមកប្រឡងសរុប ។ ក្នុងនោះបេក្ខជនទទួលបាននិទ្ទេសA សរុបចំនួន ៩ ស្រី ៥នាក់។
សម្រាប់៣សិស្សទទួលបាននិទ្ទេស A សរុប ២ ២២៥នាក់ (គិតទាំងបេក្ខជន អប់រំ បច្ចេកទេស ៩នាក់ផងដែរ) បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ចូលរួមសម្តែងការគួរសម ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី។ សាលារៀនចំនួន ៤៩៤ មានសិស្សទទួលបាននិទ្ទេសA ក្នុងនោះសាលារដ្ឋចំនួន ៣៥៣ មានសិស្សនិទ្ទេសA ចំនួន ១ ៥៤០នាក់ និងសាលាឯកជ នចំនួន ១៤១ មានសិស្សនិទ្ទេស A ចំនួន ៦៧៦នាក់។
ដោយឡែកនៅក្នុងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សាលារដ្ឋចំនួន៥ មានសិស្សនិទ្ទេសA ចំនួន ៧នាក់ ស្រី ៤នាក់ និងសាលាឯកជនចំនួន២ មានសិស្សនិទ្ទេសA ចំនួន ២នាក់ ស្រី ១នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន
ដោយ៖ ប៊ុនរិទ្ធ AKP
- Share This Post: