ចិនព្រមានថា “អាមេរិកកំពុងលេងជាមួយភ្លើងហើយ” ក្រោយអាមេរិកបន្តផ្តល់ជំនួយយោធាឱ្យតៃវ៉ាន់
- BY
- Pheakdey
- December 23, 2024
ចិន៖ រដ្ឋាភិបាលចិនបានថ្លែងព្រមានថា “អាមេរិកកំពុងលេងជាមួយភ្លើងហើយ” ក្រោយអាមេរិកបន្តផ្តល់ជំនួយយោធាទៅកាន់កោះតៃវ៉ាន់យ៉ាងច្រើនបន្ថែមទៀតកាលពីចុងសប្តាហ៍កន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី ២២ ខែធ្នូ។ នៅក្នុងសេចក្តីថ្លែងការដដែលនេះ ចិនក៏បានប្រាប់ឱ្យអាមេរិកឈប់ផ្តល់អាវុធឱ្យតៃវ៉ាន់ទៀត ដ្បិតសកម្មភាពដែលអាមេរិកកំពុងធ្វើនេះ នឹងជម្រុញឱ្យមានគ្រោះថ្នាក់កាន់តែខ្លាំងនៅច្រកសមុទ្រតៃវ៉ាន់។

គួររម្លឹកជូនថា កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូនេះ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានចុះហត្ថលេខាអនុម័តលើកញ្ចប់ជំនួយការពារជាតិទ្រង់ទ្រាយធំមួយឱ្យទៅកោះតៃវ៉ាន់ ដោយជំនួយនោះមានទំហំទឹកប្រាក់ចំនួន ៥៧១,៣ ដុល្លារអាមេរិក ខណៈនៅក្នុងកញ្ចប់ជំនួយមានរួមបញ្ចូលទាំងការបំពាក់សេវាកម្មយោធាទំនើបៗឱ្យទៅក្រសួងការពារជាតិតៃវ៉ាន់ ការផ្តល់ការបណ្តុះបណ្តាលទៅកាន់ក្រុមយោធាតៃវ៉ាន់ និងមានអាវុធទំនើបៗមួយចំនួនផងដែរ។ យ៉ាងណាក្តី ប្រទេសចិនមិនដែលសប្បាយចិត្តជាមួយនឹងអាមេរិក្នុងការផ្តល់ជំនួយយោធាទៅកាន់កោះតៃវ៉ាន់នោះទេ ដ្បិតចិនតែងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន ខណៈកោះតៃវ៉ាន់តែងចិញ្ចឹមចិត្តចង់ផ្តាច់ខ្លួនធ្វើជាប្រទេសឯករាជ្យមួយដោយមានអាមេរិកជាអ្នកជួយគាំទ្រ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






